ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូពីបាត់ដំបងមកលក់នៅកំពង់ស្ពឺ ទីបំផុតសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូពីខេត្តបាត់ដំបង យកមកលក់នៅកំពង់ស្ពឺ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។

ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះផ្លេក រតនា ហៅផ្លេក ចន្ធូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំទឹកដីឡែម ក្នុងខេត្តបាត់ដំបង មានស្រុកកំណើត នៅក្នុងភូមិតាប្រាជ្ញ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ម៉ូតូដែលជនសង្ស័យលួច នោះម៉ាកហុងដា សេ១២៥ ស៊េរី ឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1B .2552 ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ម៉ូតូដែលគេលួចយកមកនេះ ជារបស់ជនរងគ្រោះឈ្មោះ រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រភពពីមន្ត្រី នគរបាលបាននិយាយឲ្យដឹងថា តាមការសហការស្រាវជ្រាវ នៅមុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូបានទុកម៉ូតូនៅមុខហាងកាហ្វេមួយកន្លែង នៅម្តុំទឹកដីឡែម ក្នុងខេត្តបាត់ដំបង មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យបានលួចជិះគេចខ្លួនបាត់ ។
ជនសង្ស័យបន្ទាប់ពីលួចម៉ូតូ គឺគេបានជិះម៉ូតូទាំងយប់ចេញពីខេត្តបាត់ដំបង គោលបំណងទៅស្រុកកំណើត ដោយមកដល់ឃុំអមលាំង អត់មានលុយចាក់សាំងម៉ូតូ ក៏ដើរសួរនាំគេរកលក់ម៉ូតូនេះក្នុងតំលៃ២០០ដុល្លារ ។

នគរបាលបន្តទៀតថា នៅពេលជននេះពាយនាយលក់ម៉ូតូ មានប្រជាពលរដ្ឋម្នាក់បានរកទិញម៉ូតូនោះហើយ ក៏បានសួរនាំរកសំបុត្រព័ន្ធ តែជនសង្ស័យប្រាប់ថា មិនមាននោះទេ ពេលនោះប្រជាពលរដ្ឋ ក៏រាយការណ៍ទៅនគរបាលឃាត់ខ្លួន សួរនាំជនសង្ស័យ ទើបដឹងថា ម៉ូតូនេះ គេលួចមកពីខេត្តបាត់ដំបង ។

បច្ចុប្បន្ន ម៉ូតូប្រគល់អោយម្ចាស់ដើមវិញ ហើយជនសង្ស័យប្រគល់ឲ្យ នគរបាលខេត្តបាត់ដំបងចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ

spure (2)

spure


ចែករំលែក៖

Leave a Reply