ខេត្តកំពង់ស្ពឺះ ផឹកស៊ីជាមួយគ្នា ទាស់ពាក្យសំដីតិចតួច ស្ទុះយកដែកវាយទៅលើភាគីម្ខាងរងរបួសយ៉ាងដំណំ ចុងក្រោយត្រូវនគរបាលចាប់ដាក់ខ្នោះដៃ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នៅចំណុចភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យដៃដល់មានឈ្មោះ ជាង វណ្ណា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកយុវជនរងគ្រោះមានឈ្មោះ ឡេវ ង៉ូវ អាយុ២៦ឆ្នាំរស់នៅក្នុងភូមិ ឃុំជាមួយគ្នារងរបួសក្បាលដេជាច្រើនថ្នេរ។
ប្រភពពីមន្ត្រីនគរបាលបានអោយដឹងថា នៅមុនពេលកើតហេតុ យុវជនដៃដល់ និងយុវជនរងគ្រោះបានអង្គុយផឹកស្រាជាមួយគ្នា ហើយក៏នាំគ្នាលេងកាច់ដៃគ្នា(កាច់កំប្រុក)ពេលនោះជនដៃដល់កាច់ដៃចាញ់ជនរងគ្រោះ ក៏និយាយបង្អាប់ធ្វើឲ្យជនដៃដល់ខឹង ក៏មានទាស់ពាក្យសម្តីគ្នារហូតឈានដល់ទាញដែកមូលស្ទុះមកវាយយុវជនរងគ្រោះបណ្តាលអោយរងរបួសបែកក្បាលហូរឈាមដេរជាច្រើនថ្នេរ ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋក៏បានដឹកយកយុវជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ។ ភ្លាមៗនោះជនដៃដល់ត្រូវបាននគរបាលឃាត់សួរនាំខ្កួនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌចាត់ការបន្ត ។ នៅព្តឹកថ្ងៃទី១១ ខែសីហា ២០១៦ កម្លាំងជំនាញព្រហ្មទណ្ឌបានទទួលពីនគរបាលស្រុកឧដុង្គ និងឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺរង់ចាំបញ្ជូនបន្តទៅកាន់សាលដំបូងចាត់ការតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ