ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកនឹងទៅជាយ៉ាងណា បើសិនក្រុមភេរវកម្មមានគ្រាប់បែកបរមាណូ?

ចែករំលែក៖

isil

អ្នកឯកទេស Joe Cirincione ប្រធាន មូលនិធិសន្ដិសុខពិភពលោក Phoughshares បញ្ជាក់ថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ (IS) កំពុងធ្វើសកម្មភាពនៅអុីរ៉ាក់ និងស៊ីរីអាចនឹងមានលទ្ធភាពគ្រប់គ្រងអាវុធសម្លាប់ មនុស្សជាច្រើនក្នុងនោះមានអាវុធគីមីសាស្ដ្រ និងអាវុធមហាប្រល័យបរមាណូ។

លោក Cirincione បញ្ជាក់ថា ប្រការ ដែលក្រុមIS មានគ្រាប់បែកបរមាណូ និងគ្រាប់បែកគីមីសាស្ដ្រនឹងក្លាយជាការពិតនៅពេលដែលក្រុមនេះរកប្រាក់បានរាប់ សិបពាន់លានដុល្លារពីបណ្ដាធនាគារ និង អណ្ដូងប្រេងនៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរី។

ក្រុមIS មានភាពល្បីល្បាញពីសកម្ម ភាពសាហាវព្រៃផ្សៃ ហើយអាចនឹងសម្លាប់មនុស្សជាច្រើនក្នុងមួយប៉ប្រិចភ្នែក។ ប្រសិនបើក្រុមនេះមានអាវុធបរមាណូមែននោះប្រាកដជាមិនរក្សាទុកឱ្យនៅស្ងៀមឡើយពួកគេនឹងធ្វើឱ្យពិភពលោកធ្លាក់ក្នុងសភាពចលាចលជាមិនខាន។

លោក Cirincione បញ្ជាក់ទៀតថា មានហេតុផល៣ដែលក្រុមIS អាចផលិត បានគ្រាប់បែកបរមាណូ ទី១-ក្រុមនេះគ្រប់គ្រងបានផ្ទៃដីទ្រង់ទ្រាយធំនៅស៊ីរី និងអុីរ៉ាក់, ទី២-មានប្រព័ន្ធហិរញ្ញវត្ថុសម្បូរបែប, និង ទី៣-មានអ្នកជំនាញៗជាច្រើនក្នុងការផលិត សព្វាវុធដោយក្នុងនោះមានទាំងពលរដ្ឋ អឺរ៉ុប អាមេរិកដែលបានទៅចូលរួមជាមួយក្រុមអ៊ិស្លាមបង្កើតរដ្ឋ។

តាមរបាយការណ៍ថា មានពលរដ្ឋអឺរ៉ុប និងអាមេរិករាប់ពាន់នាក់បានទៅចូលជា មួយក្រុមIS ហើយកន្លងមកថ្មីៗក៏មានព័ត៌ មានថា មានក្រុមនីនចារជប៉ុន (ចារកម្ម) ៩នាក់ក៏បានចូលរួមជាមួយក្រុមIS ផងដែរ។ ជាមួយនឹងតំបន់គ្រប់គ្រងយ៉ាងធំទូលាយ និងកម្លាំងការពារយ៉ាងតឹងតែង ក្រុមIS អាចសម្រេចគោលដៅផលិតអាវុធសម្លាប់មនុស្សជាច្រើនក្នុងមួយប៉ប្រិចភ្នែក។

កន្លងមកថ្មីៗរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អង់គ្លេសក៏បានព្រមានផងដែរថា ប្រសិន បើក្រុមIS អាចរក្សាការគ្រប់គ្រងទឹកដីដែល ខ្លួនដណ្ដើមបាននោះពិភពលោកប្រាកដជាប្រឈមនឹងប្រទេសភេរវកម្មមួយដ៏ពិត ប្រាកដដែលមានសមត្ថភាពផលិតសព្វាវុធ សម្រាប់វាយប្រហារទៅលើទីតាំងសំខាន់ៗ នៅលោកខាងលិច។

ក្រោយពេលដែលក្រុមនេះដណ្ដើមបាន ដែនគ្រប់គ្រងអណ្ដូងប្រេងជាច្រើននៅអុីរ៉ាក់ និងស៊ីរី ធ្វើឱ្យក្រុមនេះរកប្រាក់បានរហូត ដល់ជាង២ពាន់លានដុល្លារ។ ក្រុមនេះអាច នឹងចរចាទិញសព្វាវុធសារធាតុផលិតគ្រាប់ បែកបរមាណូពីប្រទេសដែលជាសម្ពន្ធមិត្ដ និងជាសត្រូវរបស់អាមេរិក។ ប្រភពព័ត៌ មានបានឱ្យដឹងថា ពេលនេះក្រុមIS ទិញ បានសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់ រួច២៣គីឡូក្រាមគឺគ្រប់គ្រាន់សម្រាប់ផលិត គ្រាប់បែកបរមាណូធុនតូច។

ជាមួយក្រុមឧទ្ទាមមកពីបរទេស ពិសេស មកពីអាមេរិក និងអឺរ៉ុប ដូច្នេះក្រុមIS អាច ប្រើប្រាស់អ្នកទាំងនោះប្លន់ដណ្ដើមគ្រប់ គ្រងសព្វាវុធនៅក្នុងប្រទេសរបស់ខ្លួនដើម្បី បំពេញសកម្មភាពវាយប្រហារ។

ក្រុមIS អាចបង្កើតគ្រាប់បែកធម្មតា ដែលបង្កប់ដោយសារធាតុគីមី ឬសារធាតុ វិទ្យុសកម្មដើម្បីវាយប្រហារទៅលើគោល ដៅនានានៅអាមេរិក-អឺរ៉ុប។ លើសពីនេះ ទៅទៀត ក្រុមIS កំពុងគ្រប់គ្រងអាវុធ គីមីសាស្ដ្រ ក្នុងនោះមានជាតិពុលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទឬធ្វើឱ្យខ្វាក់ ភ្នែក។ ជាភ័ព្វសំណាងឃ្លាំងអាវុធគីមី សាស្ដ្ររបស់ស៊ីរីដែលមានជាតិគីមីដល់ទៅ១,៣ពាន់តោនត្រូវនាំចេញទៅបំផ្លាញចោលតាមកិច្ចព្រមព្រៀងរវាងអាមេរិក នឹងរុស្ស៊ី។ បើឃ្លាំងអាវុធគីមីទាំងនោះមិនទាន់យកចេញទេពិភពលោកនឹងមានរឿងអ្វីកើតឡើង?

ការចរចានាំអាវុធគីមីសាស្ដ្រចេញពី ប្រទេសស៊ីរីហាក់បីដូចជាដឹងមុនថា ក្រុម ភេរវកម្មIS នឹងកើតឡើងនៅក្នុងប្រទេស នេះ។ ក្រោយការនាំអាវុធគីមីសាស្ដ្រចេញពីប្រទេសស៊ីរីអស់ហើយ នោះក្រុមIS ក៏ បានកើតឡើងតែម្ដង។ សកម្មភាពទាំងនោះត្រូវបានក្រុមអ្នកមានទស្សនៈផ្ទុយ អាមេរិកចាត់ទុកថា សកម្មភាពបង្កើត ក្រុមIS នៅមានអាថ៌កំបាំងពីក្រោយជា ច្រើន។ ទឹកដីអុីរ៉ាក់ និងស៊ីរីដែលក្រុមIS គ្រប់គ្រងគឺលោកខាងលិចបានបោស សម្អាតរួចរាល់ហើយ ពោលគឺអាវុធដែល អាចសម្លាប់មនុស្សជាច្រើនមានអាវុធជីវសាស្ដ្រ គីមីសាស្ដ្រ ក៏ត្រូវបានដកចេញពី នោះ។

តាមលោក Cirincione បានបញ្ជាក់ ទៀតថា ដើម្បីទប់ស្កាត់ការផលិតគ្រាប់ បែកជីវសាស្ដ្រ និងបរមាណូ អាមេរិកនិងសម្ពន្ធមិត្ដចាំបាច់ត្រូវតែអនុវត្ដកាតព្វកិច្ច ចំនួន២ គឺទី១-ការពារសុវត្ថិភាព និងទប់ ស្កាត់ការហូរចូលសារធាតុដែលក្រុមIS ប្រើប្រាស់សម្រាប់ផលិតគ្រាប់បែកបរមាណូឬអាវុធជីវសាស្ដ្រ។ ទី២-ធ្វើយ៉ាងណា ដើម្បីឱ្យក្រុមISដឹងថា ប្រសិនបើក្រុមនេះ វាយប្រហារដោយគ្រាប់បែកបរមាណូនោះ គឺភាពស្ថិតស្ថេររបស់ពួកគេមិនមាននៅលើផែនដីនោះឡើយគឺប្រាកដជាត្រូវបោស សម្អាតដោយកម្លាំងទាហានអាមេរិក និង សម្ពន្ធមិត្ដ។ ដូច្នេះប្រសិនបើក្រុមIS ចង់ ឈរជើងបានយូរមិនត្រូវគិតគូរដល់ការ ផលិត និងប្រើប្រាស់អាវុធបរមាណូឬអាវុធជីវសាស្ដ្រ គីមីសាស្ដ្រឡើយ។

នៅពេលនេះក្រុមIS កំពុងតែរងការ វាយប្រហារពីអាមេរិក និងសម្ពន្ធមិត្ដ។ កាលពីថ្ងៃទី១ ខែតុលា យន្ដហោះចម្បាំង របស់អង់គ្លេសក៏បានបើកការវាយប្រហារទៅលើទីតាំងនានារបស់ក្រុមIS។ ការវាយ ប្រហាររបស់អាមេរិក និងសម្ពន្ធមិត្ដមាន កំណត់ដោយសារតែក្រុមIS បន្លំខ្លួនជាមួយ ប្រជាពលរដ្ឋស្លូតត្រង់ពិបាកក្នុងការប៉ាន់ស្មានវាយប្រហារឱ្យចំគោលដៅបញ្ចៀសពលរដ្ឋស្លូតត្រង់ដោយសកម្មភាពរបស់ អាមេរិក។

តាមអ្នកឯកទេសសង្គ្រាមវាយប្រហារក្រុមIS នៅស៊ីរី និងអុីរ៉ាក់ត្រូវធ្វើឡើងក្នុង រយៈពេលយូរយ៉ាងតិច៣ឆ្នាំផងដែរ។ អាមេរិកមានគម្រោងបំពាក់សព្វាវុធ និងហ្វឹក ហ្វឺនដល់ខ្មាន់កាំភ្លើងប្រឆាំងរដ្ឋាភិបាលស៊ីរី ជាង៥ពាន់នាក់នៅក្នុងទឹកដីស៊ីរីតែម្ដង សម្រាប់ទប់ទល់នឹងក្រុមIS ប៉ុន្ដែរដ្ឋា ភិបាលស៊ីរីព្រួយបារម្ភថា ការហ្វឹកហ្វឺន បំពាក់សព្វាវុធដល់ក្រុមប្រឆាំងទាំងនោះគឺអាចជួយឱ្យក្រុមនេះវាយប្រហារដណ្ដើមគ្រប់គ្រងប្រទេសស៊ីរីទៅវិញ។ ទីប្រឹក្សា សន្ដិសុខជាតិ អាមេរិកក៏បានប្រកាសថា លោក អាល់ អាសាដ ចាំបាច់ត្រូវតែលាលែងចេញពីតំណែងដើម្បីផ្ដល់សិទ្ធិគ្រប់គ្រងទៅឱ្យក្រុមប្រឆាំងវិញ ដោយសារតែលោកអសមត្ថភាពដឹកនាំប្រទេសដែលធ្វើឱ្យក្រុមIS បង្ហាញខ្លួននៅក្នុងប្រទេសរបស់ លោក៕ ម៉ែវ សាធី


ចែករំលែក៖

Leave a Reply