ខេត្តរតនគិរី៖ លេាក ម៉ា វិចិត្រអភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានលើកឡើងថា គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ ចំនួន២ស្រុក ប្រជាពលរដ្ឋ៤២៧គ្រួសារ ដំណាំកសិកម្ម៥៣៧ហិកតា និងផ្លូវជនបទ១៤.៤៩០ម៉ែត្រ ។
ការលើកឡើងរបស់លោក ម៉ា វិចិត្រអភិបាលរងខេត្តនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ និងរាំងស្ងួត ឆ្នាំ២០២៤ នៅសាលប្រជុំអគារDសាលាខេត្តរតនគិរីនាព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
លោកអភិបាលរងខេត្តបានបន្តថា ប្រទេសកម្ពុជាក៏ដូចជាខេត្តរតនគិរី មានមុខសញ្ញាគ្រោះថ្នាក់ជាច្រើនដែលកំពុងជួបប្រទះស្ទើរជារៀងរាល់ឆ្នាំ ដូចជា៖ ជំនន់ទឹកភ្លៀង រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ អគ្គិភ័យ និងជំងឺឆ្លងរាតត្បាត ។ល។ ហើយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុក៏ជាកត្តាជំរុញឱ្យគ្រោះមហន្តរាយទាំងនោះកាន់តែកើនឡើងញឹកញាប់ និងផលប៉ះពាល់ថែមមួយកម្រិតទៀត ដែលត្រូវរួមគ្នាយកចិត្តទុកដាក់។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានបង្ហាញថាគ្រោះមហន្តរាយទឹកជំនន់បានបង្កឱ្យប៉ះពាល់ដល់គ្រួសារជាច្រើន ពិសេសសហគមន៍ដែលរស់នៅជាប់នឹងប្រភពទឹកធម្មជាតិ គឺ៖ ទន្លេនិងអូរ ផលដំណាំកសិកម្មក៏ទទួលរងផលប៉ះពាល់ច្រើនគួរឱ្យកត់សម្គាល់ផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សាលារៀន មណ្ឌលសុខភាព ព្រមទាំងអាយុជីវិតមនុស្ស សត្វពាហនៈ ខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរចិញ្ចឹមជីវិត ក៏ដូចជាប្រាក់ចំណូលផងដែរ។
លោក ម៉ា វិចិត្រ បានលើកយកអនុសាសន៍ដ៏មានសារៈសំខាន់មួយចំនួន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដែលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដូចតទៅ៖
ទី១-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រៀមលក្ខណៈក្នុងការដាក់ចេញនូវកិច្ចអន្តរាគមន៍ជាបន្ទាន់និងទាន់ពេល វេលាដល់ប្រជាកសិករ ប្រសិនបើមានគ្រោះមហន្តរាយកើតឡើង ជាពិសេសគ្រោះទឹកជំនន់ ដើម្បីធានាថា ប្រជាកសិករយើង អាចបង្កបង្កើនផល ក្នុងរដូវវស្សានេះ ប្រកបដោយប្រសិទ្ធភាព និងទិន្នផលខ្ពស់។
ទី២-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹក និង ឧតុនិយម និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពង្រឹងនិងពន្លឿនបន្ថែមនូវការងាររៀបចំប្រព័ន្ធរំដោះទឹកជំនន់ ជាពិសេសពីជំនន់ទឹកភ្លៀង ចំពោះទីតាំងសំខាន់ៗ ដែលមានសក្តានុពលសេដ្ឋកិច្ច ហើយងាយរងគ្រោះ។
ទី៣-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពន្លឿនការរៀបចំធ្វើបច្ចុប្បន្នភាព និងការពង្រីកទៅកាន់បណ្តាសហគមន៍នូវប្រព័ន្ធប្រកាសឱ្យដឹងមុននូវគ្រោះអាសន្ន និងគ្រោះមហន្តរាយគ្រប់ប្រភេទ ទាំងគ្រោះមហន្តរាយដែលបណ្តាលមកពីធម្មជាតិ ដូចជា៖ គ្រោះ ទឹកជំនន់ ខ្យល់ព្យុះ និងជំងឺរាតត្បាត ក៏ដូចជាគ្រោះមហន្តរាយដែលបណ្តាលមកពីឧបទ្ទវហេតុផ្សេងៗ រួមមាន៖ អគ្គិភ័យនិងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ទី៤-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ដល់ប្រជាជនរងគ្រោះ ដោយការផ្ទុះឡើងនូវសត្វល្អិតចង្រៃដែលកំពុងបង្កផលប៉ះពាល់លើផ្ទៃដីដាំដំណាំ និងត្រូវគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយ ដូចជា៖ គ្រាប់ពូជ ឬធនធានចាំបាច់ដទៃទៀតដល់ប្រជាកសិកររងគ្រោះដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញបាន។
ទី៥-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគិតគូរលើការរៀបចំផែនការឆ្លើយតបចំពោះគ្រោះមហន្តរាយនៃការផ្ទុះឡើងសត្វល្អិតចង្រៃ ក៏ដូចជាយន្តការ ចាំបាច់នានា ដើម្បីពង្រឹងជីវភាពដល់ប្រជាកសិករឱ្យទាន់ពេលវេលា ពង្រឹងប្រសិទ្ធភាព នៃការឆ្លើយតបនឹងគ្រោះមហន្តរាយ៕
ដោយ ជីវ័ន្ត