ខេត្តបាត់ដំបង ៖ ជនបរទេសមួយសំបុកដែលភាគច្រើនគេរកឃើញថា ជាជនជាតិចិន អាចពាក់ព័ន្ធនឹងក្រុម «អនឡាញស្គេម» ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចក្រសោបជាប់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៤ មិថុនា ខណៈដែលពួកគេកំពុងប្រមូលផ្ដុំគ្នាជាមួយនឹងរថយន្ត០២គ្រឿងនៅម្ដុំ«ទំនប់ពហុបំណងសេកសក» ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ដែលគេសង្ស័យពួកគេកំពុងរកទីកន្លែងជ្រកកោន ដើម្បីលាក់ខ្លួន ។
សមត្ថកិច្ចរាយការណ៍បឋមថា ក្រុមជនបរទេសទាំង នោះ មានចំនួនសរុប២៨នាក់ ក្នុងនោះ មានជនជាតិចិនចំនួន២៦នាក់ (ស្រី២នាក់ និងស្ត្រីជនជាតិមីយ៉ាន់ម៉ាចំនួន០២នាក់ទៀត) ។ ពួកគេជិះរថយន្តចំនួន០២គ្រឿង ដែលមួយគ្រឿងម៉ាកតូយូតា ហៃយ៉ាស់ ពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-0999 និង មួយគ្រឿងទៀតម៉ាក KIA កានីវ៉ាល់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 2456 WX1 ។
យោងតាមព័ត៌មានបឋមដដែល គេមិនទាន់ដឹងពីប្រភពចេញដំណើរ និងគោលដៅបន្ត របស់ពួកជនជាតិចិន និងជនជាតិមីយ៉ាន់ម៉ាមួយក្រុមនេះទេ ។ ប៉ុន្តែ គេអាចដឹងតាមរយៈការសួរនាំបឋមនៅកន្លែងកើតហេតុថា ក្រុមនេះ អាចជាប់ពាក់ព័ន្ធនឹងពួក «អនឡាញ ស្គេម» ដែលបែកសំបុកមកពីកន្លែងផ្សេង ។
ក្រុមនេះ បានជិះរថយន្ត០២គ្រឿងស្វែងរកកន្លែងជ្រកកោណ ដើម្បីលាក់ខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ចកិច្ច ។ ពួកគេធ្វើដំណើរមកឈប់ផ្ដុំគ្នានៅក្បែរ «ទំនប់ពហុបំណង សេកសក» ព្រោះនៅទីនោះ មានក្រុមហ៊ុនចិនដ៏ធំ១កន្លែង តែក្រុមហ៊ុននោះមិនជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន «អនឡាញ»ទេ ហើយក្រុមជនជាតិចិន និងមីយ៉ាន់ម៉ា ទាំង២៨នាក់ខាងលើ ក៏មិនបានចូលទៅកន្លែងក្រុមហ៊ុននោះដែរ នៅពេលត្រូវអាជ្ញាធរ និងសមត្ថកិច្ច ស្រុករតនមណ្ឌល ចុះទៅឡោមព័ទ្ធចាប់ខ្លួន ។
បើតាមការសួរនាំជំហានដំបូង ក្រុមជនបរទេសទាំងនេះ ភាគច្រើនពុំមានឯកសារឆ្លងដែនត្រឹមត្រូវស្របច្បាប់ទេ ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានបឋមដែល កោះសន្តិភាពទទួលបាន នៅថ្ងៃទី០៥ មិថុនា ។ ពេលនេះ ក្រុមជនបរទេសទាំង២៨នាក់ កំពុងត្រូវបានកម្លាំងគណៈបញ្ជាការកងឯកភាពស្រុករតនមណ្ឌល នាំយកទៅសាកសួរបឋម មុនពេលបញ្ជូនបន្តតាមនីតិវិធីទៅកាន់ស្នងការខេត្ត ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច