ខេត្តព្រះសីហនុ៖ ថ្លែងក្នុងឱកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ នៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលនឹងខិតខំរៀបចំមូលដ្ឋានសេដ្ឋកិច្ចឲ្យបានគ្រប់ជ្រុងជ្រោយ គ្រប់វិស័យទាំងអស់ ខណៈការពង្រីកកំពង់ផែនៅខេត្តព្រះសីហនុបន្ថែមនេះ គឺនឹងជំរុញឲ្យផលិតផលកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ទីផ្សាអន្តរជាតិ និង អាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងបានផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សេដ្ឋកិច្ចកម្ពុជាមិន ត្រូវមានតែមួយជ្រុងនោះទេ ពោលគឺត្រូវមានគ្រប់ជ្រុងជ្រោយទាំងអស់។ ត្រង់ន័យនេះ សម្តេចធិបតី ចង់និយាយថា បើការធ្វើកសិកម្មរបស់ប្រជាកសិករបានប៉ុន្មានក៏ដោយបើគ្មានកន្លែងដឹកជញ្ជូនត្រឹមត្រូវទេ ក៏មិនអាចធ្វើការប្រកួតប្រជែងជាមួយគេបាននោះដែរ។ ដូច្នេះហើយរាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាពង្រីកធ្វើកិច្ចការនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាក់ស្តែងដូចជាកំពង់ផែនៅខេត្តព្រះសីហនុនេះតែម្តង វាជាសមិទ្ធផលដ៏ល្អសម្រាប់ធ្វើការជំរុញទំនិញកម្ពុជាទៅក្រៅប្រទេសឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។
បន្ថែមពីនេះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ការពង្រីកកំពង់ផែនៅខេត្តព្រះសីហនុនាពេលនេះ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុន នៅខេត្តព្រះសីហនុ នឹងធ្វើឲ្យផែរបស់កម្ពុជា អាចមានការប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ខណៈចំណតផែកុងតឺន័របន្ថែមដែលមានប្រវែង២៥៣ម៉ែត្រនេះ នឹងក្លាយទៅជាជម្រើសបន្ថែមទៀត ក្នុងការទាក់ទាញនាវាដឹកទំនិញធំៗមកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀតស្របទៅ តាមការចង់បានរបស់រាជរដ្ឋាភិបាលដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលនោះ៕
ដោយ៖ តារា