ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក០៦ ខែបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសជូនដំណឹងអំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក០៦ ខែបន្ថែមទៀត។

ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះ អាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចេញ។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពី ថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាប ជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តអនុវត្ត វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល ០៦ ខែបន្ថែមទៀត ដែលមានសុពលភាព ចាប់ពី ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ លើមុខទំនិញដែលមានលេខប្រព័ន្ធសុខដុម នីយកម្ម និងនាមវលីគយ ដូចខាងក្រោម៖ ផ្លើមនៃសត្វជ្រូក បង្កកនិងភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វជ្រូកដែលអាចបរិភោគបានបង្កក។

វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំ ចេញឡើយ។សូមសាធារណជន និងក្រុមហ៊ុននាំចេញ- នាំចូល ដែលកំពុងប្រកប អាជីវកម្មលើមុខទំនិញខាង លើ ព្រមទាំងភាគីពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សូរិយា


ចែករំលែក៖