ខេត្តពោធិ៍សាត់៖ ក្រុមចោរកំពុងយារយីប្រជាពលរដ្ឋទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ ពេលនាកន្លងមកជាក់ស្ដែងសត្វគោចំនួន៣ក្បាល ត្រូវបានចោរលួច ពីចំណងក្នុងក្រោលដឹកគេចដោយសុវត្ថិភាព ម្ចាស់សត្វគោ កំពុងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ ។
ហេតុការណ៍ខាងលើនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោលគោ ស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមការបញ្ជាក់ពីលោក កែវ លន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោល បានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចដឹកចេញពីក្រោលរបស់ឈ្មោះ ម៉ាត់ ឡុង ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុ ។
លោក នាយប៉ុស្តិ៍បន្តថាសត្វគោទាំងនោះជាគោមេ និងកូន (ញី)ទាំងអស់ ហើយតាមការបញ្ជាក់ពីម្ចាស់បាននិយាយថា មិនដឹងបាត់ពីពេលណានោះទេ លុះម្ចាស់គាត់ក្រោកពីដំណេកបត់ជើងតូច ទើបដឹង ក៏នាំគ្នាផ្អើលឆោឡោទាំងយប់អធ្រាត្រ ចាត់គ្នាដើររកដែរ តែរកមិនឃើញ ។
លោក បន្តទៀតថា ករណីបាត់សត្វគោចំនួន៣ក្បាល ប្រព្រិត្តឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណខាងលើ ម្ចាស់គាត់ពុំទាន់ឃើញមកដាក់ពាក្យបណ្ដឹងនៅឡើយទេ គ្រាន់តែប្តឹងផ្ទាល់មាត់ឲ្យជួយអន្តរាមគន៍ ដើម្បីជួយទប់ស្កាត់ក្រែងឃើញជនណាដឹងឆ្លងកាត់ ហើយសមត្តកិច្ចបានរាយការណ៍តគ្នារង់ចាំឃ្លាំមើល និងកំពុង ស្រាវជ្រាវ ។
ករណីខាងលើនេះរងការរិះគន់ពីមហាជនថា ក្រុមចោរដើរធ្វើសកម្មភាពបែបនេះ មានន័យថា ពួកចោរកំពុងកម្រើកឡើងវិញទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេលនាកន្លងមក បញ្ហានេះ ធ្វើឲ្យប្រជាពលរដ្ឋរងារឆ្អឹងខ្នង ដេកលែងលក់ បក់មិនល្ហើយទៀតហើយ ៕ ប៉ឹម ពិន