ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ​ ក.ប.ប. នៅតែបន្តរកឃើញពពុះសណ្តែក, បបែលងៀត មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax)​ នៅតាមផ្សារ​ ដូច្នេះ​សូម​ប្រុងប្រយ័ត្ន​

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៣​ ខែកញ្ញា​​ ឆ្នាំ​២០២៤នេះថា​៖​ មន្ត្រីសាខា ក.ប.ប. ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តព្រៃវែង នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត កាលពីម្សិលមិញនេះ​ បានបន្តអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមបញ្ញត្តិនៃច្បាប់ ដោយបានត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញគ្រប់ប្រភេទដែលចរាចរលើទីផ្សារក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាក់ស្តែង ក្នុងបេសកកម្មនេះមន្ត្រីយើងពិនិត្យលើ ទំនិញហូបចុក ទំនិញជាប្រភេទសាដកដែលចាប់ផ្តើមដាក់លក់ត្រៀមក្នុងឱកាសពិធីកាន់បិណ្ឌខិតជិតមកដល់។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ពពុះសណ្តែក បបែលងៀត ចំនួន ៥.៤គីឡូក្រាមមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) និងទំនិញចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់និងមិនមានអនុលោមភាព សរុបចំនួន២១២.៣៧គីឡូក្រាម។ ទំនិញមិនមានអនុលោមភាពទាំងនោះត្រូវបានដកហូតយកមករក្សាទុកនៅស្នាក់ការសាខាដើម្បីបន្តនីតិវិធីនាពេលក្រោយ។

ទន្ទឹមនឹងនេះដែរ មន្ត្រីជំនាញនៅតែបន្ត អប់រំណែនាំនិងក្រើនរលឹក ដល់អាជីវករឱ្យចិត្តទុកដាក់លើការរៀបចំដាក់លក់ទំនិញបានសមស្របតាមលក្ខណៈបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន រួមទាំងបានបិទ និងចែកផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ (Poster) បានចំនួន ១០០ សន្លឹកផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖