ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណាដា ដឹកនាំដោយលោក Paul Thoppil តំណាងការិយាល័យពាណិជ្ជកម្ម កាណាដាប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណាដា ដឹកនាំដោយលោក Paul Thoppil តំណាងការិយាល័យពាណិជ្ជកម្ម កាណាដាប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាង កក់ក្តៅចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកពិភាក្សាការងារ និងស្វែងយល់ បន្ថែមពីបរិយាកាសវិនិយោគ ពិសេស ការស្វែងរកកិច្ចសហការដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស ទាំងពីរ កម្ពុជា-កាណាដា។ ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានធ្វើការអធិប្បាយដោយសង្ខេបអំពី រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេស ផ្តោតលើការជំរុញទាក់ទាញការ វិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាច ប៉ាន់ប្រមាណទុកជាមុនបាន ហើយបរិស្ថានវិនិយោគនៅកម្ពុជាក៏កាន់តែមានភាពអំណោយផល។ ជាក់ស្តែង ក្នុង រយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ កម្ពុជាទទួលបានរំហូរកំណើនវិនិយោគយ៉ាងគំហុត ក្នុងទុន វិនិយោគរហូតដល់ប្រមាណ ៧,៥ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៦១% ធៀបនឹងរយៈពេល ដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Paul Thoppil ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារ និង ផ្លាស់ប្តូរព័ត៌មានសំដៅចូលរួមជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។ លោក Paul Thoppil បានលើក ឡើងជម្រាបជូនអង្គប្រជុំអំពីយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា (Canada’s Indo Pacific Strategy) ដែលនឹងជួយឱ្យកាណាដាមានកំណើនសេដ្ឋកិច្ចរយៈពេលវែង និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន កាណាដាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្តា សេដ្ឋកិច្ចសំខាន់ៗនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយក្នុងនោះក៏ចង់ឃើញកម្ពុជាដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រ នេះផងដែរ។ ជាមួយគ្នានេះផងដែរ លោក Paul Thoppil ក៏បានលើកឡើងពីសារៈសំខាន់នៃការជំរុញបញ្ចប់ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលកិច្ចព្រមព្រៀងនេះនឹងដើរតួនាទីជាឧបករណ៍ ដ៏សំខាន់មួយក្នុងការជំរុញទាក់ទាញការវិនិយោគកាណាដាមកកម្ពុជា។ ជាមួយគ្នានេះផងដែរ ភាគីកាណាដាក៏ បានទទួលស្គាល់ពីសក្តានុពលខ្ពស់របស់កម្ពុជា ដូចជា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ភាព បើកចំហរនៃរបបលើកទឹកចិត្តវិនិយោគ និងកម្លាំងពលកម្មវ័យក្មេង។ យ៉ាងណាមិញ លោក Paul Thoppil បាន ជម្រាបជូនអង្គប្រជុំថាសហគមធុរកិច្ចកាណាដាភាគច្រើន នៅមិនទាន់ទទួលបាន និងមិនទាន់យល់ច្បាស់ពី ព័ត៌មានបច្ចុប្បន្នភាពនៃស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែង និងបរិស្ថានវិនិយោគនៅកម្ពុជានៅឡើយ។ ក្នុងន័យនេះ លោក Paul Thoppil យល់ថាមានភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែងពីកម្ពុជាទៅកាន់សហគម ធុរកិច្ចកាណាដា។ មួយវិញទៀត កម្ពុជាក៏អាចលើកពីភាពជោគជ័យនៃការវិនិយោគរបស់កាណាដានៅកម្ពុជា ដូចជា ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ដើម្បីជាសក្ខីភាពផ្សព្វផ្សាយដល់សហគមធុរកិច្ច កាណាដាឱ្យពិចារណាបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់លោក Paul Thoppil ហើយបាន ជម្រាបជូនថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានក្តីសោមនស្សរីករាយសហការជាមួយភាគីកាណាដាពាក់ព័ន្ធនឹង ករណីផ្សព្វផ្សាយព័ត៌មានពីកម្ពុជា។ ឆ្លៀតឱកាសនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសកាណាដា ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា។ ជាចុងក្រោយ លោកអគ្គលេខាធិការបានស្នើឱ្យភាគីកាណាដា ជួយបន្តជំរុញផ្សព្វផ្សាយពីកាលានុវត្តភាព វិនិយោគរបស់កម្ពុជាទៅកាន់សហគមធុរកិច្ចកាណាដា និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនកាណាដា ពិចារណាធ្វើការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងវិស័យកសិ-ឧស្សាហកម្ម៕

ដោយ ៖ សិលា


ចែករំលែក៖