ព័ត៌មានទាន់ហេតុការណ៍៖

បំផ្ទុះគ្រាប់បែកជាច្រើនលើកនៅទូទាំងប្រទេសថៃ ស្លាប់៤នាក់ និងរងរបួសច្រើននាក់

ចែករំលែក៖

យ៉ាងហោចណាស់មនុស្ស៤នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកជាច្រើនលើកនៅក្នុងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅទូទាំងប្រទេសថៃ ។

ប្រភពព័ត៌មានពីប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា គ្រាប់បែក២គ្រាប់បានផ្ទុះឡើងនៅតំបន់ទេសចរណ៍ Hua Hin កាលពីរសៀលថ្ងៃព្រហស្បិ៍ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងរងរបួសជាង២០នាក់ ។ ក្នុងនោះមានជនបរទេស៩នាក់ ផងដែរ ហើយបន្ទាប់មកទៀតនៅព្រឹកថ្ងៃទីស្រុក គ្រាប់បែក២គ្រាប់បានផ្ទុះឡើងទៀតសម្លាប់មនុស្សម្នាក់ ។

ប្រភពពីបុគ្គលិកមន្ទីរពេទ្យក្នុងស្រុកអះអាងថា ក្នុងចំណោមជនរងគ្រោះដែលរងរបួសមានជនជាតិអាល្លឺម៉ង់ អ៊ីតាលី ហុល្លង់ និងអូស្ត្រាលី ។

នៅថ្ងៃសុក្រ ទី១២ ខែសីហា ដដែល គ្រាប់បែក២គ្រាប់ទៀតបានផ្ទុះឡើងនៅតំបន់ទេសចរណ៍ Phuket ខណៈដែលគ្រាប់បែក២គ្រាប់ដទៃផ្សេងទៀតក៏បានផ្ទុះឡើងផងដែរនៅភាគខាងត្បូងប្រទេសថៃ គឺខេត្ត Trang និង ខេត្ត Surat Thani ។ ហេតុការណ៍ផ្ទុះគ្រាប់បែកទាំង២លើកនេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ ខណៈដែលលោកអះអាងថា នៅមិនទាន់ដឹងថា តើក្រុមណាមួយស្ថិតនៅពីក្រោយអំពើហិង្សាខាងលើនេះឡើយ ។

លោកអះអាងថា ការបំផ្ទុះគ្រាប់បែកទាំងអម្បាលម៉ាណខាងលើនេះ គឺមានចេតនាបង្កឲ្យមានភាពចលាចលក្នុងប្រទេសថៃ ។ លោកបញ្ជាក់ថា «ហេតុអ្វីបានជាមានករណីបំផ្ទុះគ្រាប់បែកកើតឡើងក្នុងប្រទេសយើង ដែលកំពុងឆ្ពោះទៅរកស្ថិរភាព សេដ្ឋកិច្ចល្អប្រសើរ និងទេសចរណ៍ ហើយនរណាជាអ្នកបង្កឡើង? អ្នកឯងនឹងត្រូវរកឃើញ» ។

នៅក្នុងខេត្ត Phang Nga មានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកាលពីព្រឹកថ្ងៃសុក្រថា មានការបំផ្ទុះគ្រាប់បែក៣គ្រាប់កើតឡើង ប៉ុន្តែពុំបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ ៕ ថាច់ យ៉ាត

twin-blasts-in-thailand-s

injured-people-receive


ចែករំលែក៖