ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តនិងក្មួយៗចៅៗនៃសមាគមចលនាវប្បធម៌ជាតិដើម្បីកុមារកំព្រា ក្រីក្រ ដែលដឹកនាំដោយលោក គ្រូ ស៊ូ សាវ៉ាង ហៅតា ហ្វុ៊យហ្សូ កាលពី រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ ក្នុង ឱកាសជួបជាមួយលោកគ្រូអ្នកគ្រូស្ម័គ្រ ចិត្តនិងក្មួយៗនៃសមាគមចលនាវប្បធម៌ជាតិដើម្បីកុមារកំព្រា កុមារក្រីក្ររបស់លោកតា ហ្វុ៊យ ហ្សូ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន សំណេះសំណាលរំលឹកអំពីប្រវត្តិឧបករណ៍ភ្លេងបុរាណ និងសិល្បករ សិល្បការិនីចាស់ៗដែលបងៗខ្លះមានវ័យចាស់ ជរានិងខ្លះទៀតបានធ្វើមរណកាលផុតទៅ ហើយ។
សម្តេចវិបុលសេនាភក្តីមានប្រសាសន៍ថា ដើម្បីរក្សាការពារសិល្បៈវប្បធម៌ជាតិឲ្យ បានគង់វង្សនិងរីកចម្រើនយើងទាំងអស់គ្នាត្រូវបន្តការពារអភិរក្សអភិវឌ្ឍនិងច្នៃ ប្រឌិតផ្លាស់ប្តូរឲ្យស្របតាមសម័យកាលនៃសង្គមជាតិយើង។ សម្តេចបានសម្តែង នូវការសប្បាយរីករាយលើកសរសើរនិងថ្លែងអំណរគុណ ចំពោះលោកតា ហ្វុយហ្សូ លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តទាំងអស់ដែល កន្លងមកបានរួមគ្នាបង្កើតសមាគមនេះឡើងនិងបានជួយ អប់រំបណ្តុះបណ្តាលចិញ្ចឹមបីបាច់រក្សាក្មួយៗចៅៗដែលជាកូនកំព្រានិងកូនគ្រួសារក្រីក្រក្នុងសហគមន៍ឲ្យបានរៀនសូត្រមានការចេះដឹងនិងមានជំនាញហើយស្រលាញ់ សិល្បៈវប្បធម៌ជាតិ។
សម្តេចក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូឲ្យបន្តថែបំប៉ន ក្មួយៗឲ្យមានចំណេះ ដឹងចំណេះធ្វើពិតប្រាកដ ដើម្បីថ្ងៃក្រោយក្មួយៗក្លាយជាអ្នកបន្តវេននិងមានអាជីព ច្បាស់លាស់អាចចិញ្ចឹមជីវិតខ្លួនឯងបាន។ចំពោះក្មួយៗចៅៗត្រូវតែខិតខំរៀនសូត្រ តស៊ូព្យាយាមដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាប្រជាពលរដ្ឋល្អហើយត្រូវតែគោរពប្រតិបត្តិ និងដឹងគុណលោកតា លោក អ៊ំទាំងអស់ ដោយចាត់ទុកលោកជាឪពុកម្តាយបង្កើតរបស់ខ្លួន។
ចំពោះសំណូមពររបស់លោកគ្រូអ្នកគ្រូ ដែលលើកឡើងសម្តេចនឹងខិតខំដើម្បីឆ្លើយតបយ៉ាងសមស្របតែមិនសន្យាទេ៕