ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួន ៥ ដែលមានដីក្រហមបាសាល់ ។
ចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥ នៅលើខេត្តដែលមានដីក្រហមបាសាល់ រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី។ ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ។
នៅក្នុងវីដេអូនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមនាំទស្សនជនទៅស្គាល់ចម្ការកៅស៊ូដែលមានវ័យចាស់ជាងគេបង្អស់នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចម្ការកៅស៊ូនេះ មានចំនួនដើមកៅស៊ូចាស់ នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវរកពូជកៅស៊ូ ដែលមានលក្ខខណ្ឌដុះ លូតលាស់ និងផ្ដល់ផលជ័រខ្ពស់ ស្របតាមក្សេតបរិស្ថានរបស់កម្ពុជា៕
ដោយ៖ តារា