ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើហេតុអ្វីបានជាការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលមានសារៈសំខាន់?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅក្នុងការបណ្តុះបណ្តាល មិនត្រូវទម្លាក់ស្ដង់ដាសុខាភិបាល ត្រូវដាក់វិន័យឱ្យតឹងរ៉ឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារៈសំខាន់ណាស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល ហើយការបណ្តុះបណ្តាលត្រូវការលើកកម្ពស់គុណភាពជាប្រចាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូពេទ្យយើង សុខចិត្តមានពេទ្យតិច ប៉ុន្តែមានគុណភាពខ្ពស់អាចជឿទុកចិត្តបាន ប្រសើរជាងមានតែបរិមាណច្រើន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការនានា ដែលមានប្រសិទ្ធភាព និងការវិភាជថវិការជាច្រើនបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់ៗរូបឱ្យកាន់តែប្រសើរជាលំដាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សេវាសុខាភិបាល ដើម្បីគាំពារសុខភាពសាធារណៈបានផ្តោតជាសំខាន់លើការកាត់បន្ថយការឈឺ និងការស្លាប់ បណ្តាលមកពីជំងឺជាពិសេសមិនឆ្លង ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារកកកម្ពុជា និងអាហារូបត្ថម្ភការការពារសុខភាពសាធារណៈ ការការពារគ្រោះអាសន្នសុខភាពជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជំរុញឱ្យបង្កើនគុណភាពការបណ្ដុះបណ្ដាលសិស្សពេទ្យឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ ខណៈដែលគុណភាពលើវិស័យសុខាភិបាលនេះ មិនត្រឹមតែអាចជួយសង្គ្រោះ ព្យាបាលប្រជាពលរដ្ឋបានល្អប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមលើកកម្ពស់មុខមាត់វិស័យសុខាភិបាលកម្ពុជាផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖