ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាង៣០លាននាក់លើពិភពលោក បានឃើញអប្សារា និងទង់ជាតិកម្ពុជា នេះជាអ្វីដែលយើងធ្វើបាន !

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយតាមបណ្តាញសង្គមរបស់ Youtuber ដ៏ល្បីល្បាញមួយរូបលំដាប់ពិភពលោកដែលទើបមានវ័យ១៩ឆ្នាំ គឺលោក Ishowspeed ដោយបានបង្ហោះរូបលោកជាមួយនារីមួយរូបដែលស្លៀកសម្លៀកបំពាក់អប្សរា រួមជាមួយទង់ជាតិខ្មែរ បានធ្វើឱ្យមានអ្នកទស្សនារហូតដល់ជាង៣០លាននាក់។ 

ជាមួយកម្មវិធីដ៏សប្បាយរីករាយនៅក្រុងសៀមរាប លោក Ishowspeed បានទាញទូរស័ព្ទរបស់ខ្លួនមើល ក៏ឃើញមានអ្នកទស្សនារហូតដល់ទៅជាង៣០លាននាក់ ធ្វើឱ្យលោករំភើបរកទីបំផុតគ្មាន ហើយស្រែកថា ៖ «ខ្ញុំស្រឡាញ់កម្ពុជា» ដោយយកទង់ជាតិកម្ពុជាលើកបង្ហាញទស្សនិកជនស្រែកអបអរយ៉ាងកងរំពង។ 

គួរបញ្ជាក់ថា ៖ លោក Ishowspeed បានមកចូលរួមព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ដែលត្រូវបានបើកជាផ្លូវការនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដោយមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧកញ៉ា លាង ពៅ (ភីតធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង លោក Maximillion Cooper ស្ថាបនិក Gumball 3000 អមដោយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីរាជការជាច្រើនរូបផងដែរដែលមានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់។ ព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំតាំងបង្ហាញរថយន្តនិងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យជូនសាធារណជនទស្សនា និងការប្រគំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិដោយមានការចូលរួមពីប្រតិភូ Gumball 3000 Rally ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម កីឡាករ និងតារារ៉េបល្បីៗជាច្រើនរូប ដែលរៀបចំឡើងនៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ។

ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 បានបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ហើយក្នុងដំណើរបើកបរដោយខ្លួនឯងនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចេញមកស្វាគមន៍តាមដងផ្លូវ។ ប្រតិភូ Gumball 3000 បានជិះទស្សនាតាមផ្លូវវង់តូច និងបានចូលរួមពិធីរាត្រីសមោសរនៅប្រាសាទបាយ័ន ដោយមានការសម្ដែងទស្សនីយភាពសិល្បៈ របាំ ចម្រៀងយ៉ាងសប្បាយរីករាយ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រៅពីនោះក៏មានការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាបផងដែរ។ ដោយឡែក ពេលនេះ គណៈកម្មការ Guinness World Record កំពុងរាប់ចំនួនរថយន្តទំនើបៗនៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក ៕ ដោយ ៖ សិលា

ដោយ ៖ សិលា


ចែករំលែក៖