ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចឃុំខ្លួនលើជនត្រូវចោទទាំង១២នាក់​ ជាក្មេងទំនើង​២ក្រុម ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និងសមគំនិតក្នុងអំពើហិង្សាដោយចេតនា នៅខេត្ត​ព្រះសីហនុ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅយប់ថ្ងៃទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤​ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ១២៣១ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ទាក់ទិននឹងបទល្មើស ហិង្សាដោយចេតនា និងសមគំនិតក្នុង អំពើហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើង ០២ក្រុម មានជនត្រូវចោទមានខ្លួន ១. ឈ្មោះ បុណ្យ ករុណា ភេទប្រុស កើតឆ្នាំ២០០៨, ២. ឈ្មោះ ហេង ប៊ុនលី ភេទប្រុស កើតឆ្នាំ២០១០ ត្រូវបានចោទប្រកាន់ពីបទ ហិង្សា ដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ៣. ឈ្មោះ ឈិន សុខកាន ភេទប្រុស កើតឆ្នាំ២០០៥, ៤. ឈ្មោះ សន ភារៈ ភេទប្រុស កើតឆ្នាំ២០០៩, ៥. ឈ្មោះ លុន សៀវទ្រី ភេទប្រុស កើតឆ្នាំ២០០៧, ៦. ឈ្មោះ ឆាយ លីហ្វូង ភេទប្រុស កើតឆ្នាំ២០០៧, ៧. ឈ្មោះ តុន សង្ខា ភេទប្រុស កើតឆ្នាំ ២០០៧, ៨. ឈ្មោះ ធី លីឆេត ភេទប្រុស កើតឆ្នាំ២០១០, ៩. ឈ្មោះ ឈុំ ឧត្តម ភេទប្រុស កើតឆ្នាំ២០០៨, ១០. ឈ្មោះ ភេន រ៉ានុត ភេទប្រុស កើតឆ្នាំ២០០៩, ១១. ឈ្មោះ អ៊ុន លីហួត ភេទប្រុស កើតឆ្នាំ២០០៨, ១២. ឈ្មោះ ងើម ខាវ ភេទប្រុស កើតឆ្នាំ២០០៨ ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើហិង្សាដោយ ចេតនា ប្រព្រឹត្តនៅចំណុចភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៩ និងមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង៤៥នាទី សមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើង ២ក្រុម ជិះម៉ូតូដេញវាយគ្នា និង យកមួកសុវត្ថិភាពគប់គ្នា នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពេលសមត្ថកិច្ចចុះដល់ ទីតាំងកើតហេតុ ជួបក្រុមទីមួយធ្វើការសាកសួររឿងហេតុ ស្រាប់តែក្រុមទីពីរ ជិះម៉ូតូត្រលប់មកវិញ ឃើញសមត្ថកិច្ច ក៏នាំគ្នាបង្អង់ល្បឿនម៉ូតូ រួចបិតភ្លើងទាំងអស់ ហើយបើកម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចដេញតាម ធ្វើការ ឃាត់ខ្លួនបានជនសង្ស័យទាំងពីរក្រុមតែម្តង។ 

បន្ទាប់ពីបានសួរចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនលើជនត្រូវចោទទាំង១២នាក់ ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី ដោយឡែកចំពោះជនត្រូវចោទផ្សេងទៀត ដែលបាន គេចខ្លួន ចៅក្រមស៊ើបសួរនឹងមានចំណាត់ការទៅតាមនីតិវិធី។ 

ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕

ដោយ​៖ តារា​


ចែករំលែក៖