ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដោយជិះមិនបង់ប្រាក់ ។
អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ក្នុងនោះ៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង
សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។ ២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានាក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង ដែលមានគោលដៅ និងទីតាំង ដូចខាងក្រោម៖
(ទីតាំង និងតារាងបញ្ជាក់លម្អិត) ។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរ។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាព៕
ដោយ ៖ សិលា