បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង៥ ៣០០នាក់កាលពីឆ្នាំមុនដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ស្ថានទូតបារំាងប្រចាំកម្ពុជានឹងបើកទ្វារសាជាថ្មីជូនសាធារណជនចូលទស្សនានៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង០៨ព្រឹកដល់រហូតម៉ោង៤រសៀល (រួមទាំងពេលថ្ងៃត្រង់ផងដែរ)។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូត ដែលពោរពេញដោយប្រវត្តិសាស្រ្ត និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ៤,៧ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅរភ្នំពេញ ហើយក៏ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើមត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត៥០ឆ្នាំមុន។
នៅពេលចេញពីស្ថានទូត សាធារណជនអាចទស្សនាការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូត ដែលបង្ហាញពីការរំាបែបកីឡា Breakdance កម្ពុជា។ការរាំប្រភេទនេះត្រូវបានដាក់បញ្ចូលក្នុងចំណោមវិញ្ញាសាកីឡាអូឡាំពិកប៉ារីស៍២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។
ដំណើរកម្សាន្តអមដោយការពន្យល់ពីមគ្គុទ្ទេសក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេសក៏គ្រោងនឹងរៀបចំផងដែរ។
ការទស្សនាធ្វើឡើងដោយសេរី និងមិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ កាបូបធំៗ និងរបស់របរដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឱ្យយកចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួលទាន និងត្រូវពាក់ស្បែកជើងសមស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យាន ដែលកន្លែងខ្លះមានក្រាលថ្មតូចៗ និងខ្លះទៀតជាស្មៅ។
ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារដែលមានតម្លៃបេតិកភណ្ឌគួរឱ្យកត់សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនចូលទស្សនានៅថ្ងៃទី២១កញ្ញាផងដែរ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលនឹងបើកឲ្យទស្សនាជាលើកទីមួយ ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប។ ម៉ោងពេល និងបែបបទទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ៕