ខេត្តមណ្ឌលគិរី៖ ក្នុងឃុំចំនួនពីរនៅភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ហើយផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងបានរងផលប៉ះពាល់ ប៉ុន្តែកងកម្លាំងសមត្ថកិច្ចបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពអស់ហើយ ។
លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមាបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់ឡើងនៅវេលាទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ធ្វើឱ្យប៉ះពាល់ដល់ឃុំមេម៉ង់ និងឃុំចុងផ្លាស់ ដែលឃុំទាំងពីរស្ថិតនៅក្បែរគ្នា។ ក្នុងនោះឃុំមេម៉ង មានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៥ទៅ៦ភូមិ ចំណែកឃុំចុងផ្លាស់ ប៉ះពាល់ប្រមាណ២ភូមិ។
ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចក្នុងតំបន់បានធ្វើការជម្លៀសប្រជាពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាពហើយ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋក្នុងតំបន់ជន់លិចបានបញ្ជាក់ថា ផ្នែកខ្លះ នៃឃុំទាំងពីរកំពុងជន់លិចខ្លាំង គឺទឹកបានហក់ឡើងខ្ពស់រហូតកន្លែងខ្លះត្រឹមទ្រូង ខ្លះឡើងខ្ពស់ផុតក្បាលទៅទៀត។
ផ្លូវសំខាន់ៗ ដើម្បីធ្វើដំណើរពីទីរួមខេត្តទៅកាន់ឃុំមេម៉ង់បានជន់លិចខ្លាំងនៅពេលព្រឹក ត្រង់ចំណុចអូរឆាង ប៉ុន្តែគិតរហូតមកដល់ថ្ងៃត្រង់ទឹកបានស្រកទៅវិញបន្តិច រថយន្តអាចធ្វើដំណើរបាន។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានកោតសរសើរ និងអរគុណដល់លោកមេប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលទាំងអស់នៃស្រុកកែវសីមាដែលបានស្ម័គ្រចិត្តចុះជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជាប់គាំង និងលិចលង់ដោយគ្រោះទឹកជំនន់ ។
ទោះយ៉ាងណាក៏ដោយ ចំពោះឃុំទាំងពីរជារៀងរាល់ឆ្នាំតែងប្រឈមនឹងជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស ប៉ុន្តែប្រសិនបើរាំងភ្លៀង ទឹកក៏ឆាប់ស្រកទៅវិញលឿន
ដែរ ។
ជាទូទៅភូមិសាស្ត្រឃុំទាំងពីរត្បិតមិនស្ថិតជាប់ដងទន្លេ ប៉ុន្តែមានខ្សែអូរជាច្រើនដែលធ្វើឲ្យស្ថានភាពទឹកហក់ឡើងពីអូរទាំងនោះបណ្ដាលឱ្យជន់លិច ៕
ដោយ ៖ ជីវ័ន្ត