ក្រុមឡើងជើងមកពីអាល្លឺម៉ង់ RB Leipzig នឹងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Atlético Madrid ក្នុងការប្រកួតវគ្គជម្រុះ UEFA Champions League រដូវកាលថ្មីនេះនៅកីឡដ្ឋាន Estádio Cívitas Metropolitano នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ដោយក្រុមទាំង២ត្រូវរក្សាកំណត់ត្រាមិនស្គាល់ចាញ់ ខណៈដែលក្រុមភ្ញៀវបានជៀសវាងការចាញ់ក្នុង១៦ប្រកួតជាប់ៗគ្នា ខណៈដែលម្ចាស់ផ្ទះចង់បន្តការមិនចាញ់៧ប្រកួតជាប់ៗគ្នា។
ក្រុមទាំង២កំពុងលេងការប្រកួតអឺរ៉ុបលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។ Leipzig បានឈ្នះការជួបគ្នាចុងក្រោយក្នុងលទ្ធផល ២-១ ពីការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League នៅ Estádio José Alvalade កាលពីខែសីហា ឆ្នាំ២០២០ ដែល២គ្រាប់នោះរកបានដោយ Dani Olmo និង Tyler Adams ខណៈ João Félix រកបានមួយគ្រាប់ឲ្យ At.Madrid ពីការស៊ុតបាល់ប៉េណាល់ទី។
សម្រាប់ក្រុម At.Madrid មានខ្សែប្រយុទ្ធសំខាន់គឺ Antoine Griezmann បានដឹកនាំក្រុមក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ដោយរកបាន៦គ្រាប់។ រីឯក្នុងយុទ្ធនាការ Champions League របស់ក្រុម Leipzig កាលពីរដូវកាលមុន ខ្សែប្រយុទ្ធជួរមុខ Loïs Openda ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគឺ៤គ្រាប់។
ក្រុមម្ចាស់ផ្ទះ At.Madrid បានឈ្នះការប្រកួត Champions League ចំនួន៥លើកនៅលើទឹកដីខ្លួនឯងកាលពីរដូវកាលមុន។ ទន្ទឹមនឹងនេះដែរក្រុមភ្ញៀវ Leipzig បានទទួលជ័យជម្នះ២លើក ស្មើ១ និងចាញ់១ក្នុងការប្រកួត Champions League ចំនួន៤នៅក្រៅទឹកដី។ ក្រុមអាល្លឺម៉ង់មួយនេះកំពុងសម្លឹងរកការបន្ថែមការប្រកួតក្រៅដីមិនដែលចាញ់ចំនួន៩ប្រកួតផងដែរ ក្នុងនោះឈ្នះ៦ ស្មើ៣នៅគ្រប់ការប្រកួតទាំងអស់។
ចំពោះប្រវត្តិប្រកួត៦លើកចុងក្រោយក្រុម At.Madrid គឺឈ្នះ៤ និងស្មើ២ ក្នុងនោះបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងរបូតតែ២គ្រាប់ប៉ុណ្ណោះ។ ចំណែកក្រុម Leipzig វិញឈ្នះ៣ និងស្មើ៣ ក្នុង៦ចុងក្រោយ ក្នុងនោះបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងរបូតវិញ៦គ្រាប់។
សម្រាប់លទ្ធផលនៃការប្រកួតរវាងក្រុមទាំង២ខាងលើនេះ តាមគេហទំព័រអន្តរជាតិមួយចំនួនបានទស្សន៍ទាយថា ក្រុមមកពីអេស្ប៉ាញ At.Madrid នឹងយកឈ្នះក្រុម Leipzig ក្នុងលទ្ធផល ១ទល់០ ខណៈអ្នកជំនាញផ្នែកកីឡាករអន្តរជាតិផ្សេងទៀតយល់ឃើញថា ក្រុមអេស្ប៉ាញ At.Madrid នឹងឈ្នះដោយគ្រាប់បាល់លើសពី២គ្រាប់ ប៉ុន្តែនេះគឺជាការមើលឃើញរបស់អ្នកវិភាគកីឡាករនៅអឺរ៉ុបប៉ុណ្ណោះ ៕
ដោយ៖ ភារៈ (រូបភាព ៖ soccerway.com)