ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា បានអញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានទីតាំងស្ថិតក្នុងភូមិថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នារសៀលថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ 

គួររំលឹកផងដែរថា ប្រាសាទស្រី ឬប្រាសាទព្រះគោជាតំបន់ប្រវត្តិសាស្ត្រ សាងសង់អំពីឥដ្ឋនៅចន្លោះចុងសតវត្សទី៦ និងសតវត្សទី៨ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ សម័យចេនឡា ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា (ព្រះសិវៈ) ។ នៅចំពីមុខប្រាសាទ មានរូបបដិមាព្រះគោដ៏ធំមួយ ព្រះគោនេះគេហៅថាគោនន្ទិន ។ 

ជាទំនៀមទំលាប់ជារៀងរាល់ខែផល្គុននៃឆ្នាំនីមួយៗ រដ្ឋបាលស្រុកតែងតែរៀបចំពិធីបុណ្យប្រាសាទ ព្រះគោដែលមានរយៈពេល៤ថ្ងៃ ៣យប់ ដោយមានការលេងនូវល្បែងប្រជាប្រិយ ដូចជាវាយក្អម ទាញព្រ័ត្រ របាំប្រពៃណី ជាពិសេសការប្រកួតកីឡាវាយខែល ដែលជាប្រពៃណីជនជាតិដើមភាគ តិចកួយ៕

ដោយ ៖ សិលា


ចែករំលែក៖