ភ្នំពេញ៖ ក្រុមយុវជនរងគ្រោះចំនួន ៣នាក់ ដែលសុទ្ធតែជាអនីតិជន បានស្នើសុំកិច្ចអន្ដរាគមន៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈបុគ្គលម្នាក់ឈ្មោះ តាំង សឿន អាយុ៤៨ឆ្នាំ ដែលជាថៅកែប្រេងឥន្ធនៈសាវីមិច មានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងកូនប្រុស ព្រមទាំងបក្ខពួកប្រមាណជិត១០នាក់ បាននាំគ្នាជិះរថយន្ដ និងម៉ូតូដេញបុក ម៉ូតូយុវជនដែលជិះគ្នា៣នាក់ រួចព្រួតវាយចាប់ចងដៃទាំងកម្រោលបណ្ដាលឲ្យរងរបួស។
បន្ទាប់ពីចាប់ចង និងព្រួតវាយរួច ថៅកែប្រេងឥន្ធនៈឈ្មោះ តាំង សឿន ព្រមទាំងបក្ខពួកបានចាប់យុវជន៣នាក់នេះ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ និងរាយការណ៍ទៅសមត្ថកិច្ចថា ជាករណីយល់ច្រឡំ។
បុគ្គលឈ្មោះ តាំង សឿន បានប្រាប់សមត្ថកិច្ចថា ខ្លួនយល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ ទាំងដែលយុវជនទាំង៣នាក់នេះ មិនដឹងរឿងអ្វីទាល់តែសោះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ។
ក្រោយចាប់វាយដោយគ្មានហេតុផល និងប្រគល់ឲ្យសមត្ថកិច្ចរួចហើយនោះ បុគ្គលឈ្មោះ តាំង សឿន បានបង្ខំឲ្យយុវជនទាំង៣នាក់ ដែលសុទ្ធតែជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ផ្ដិតមេដៃធ្វើកិច្ចសន្យាបញ្ចប់រឿង មិនប្ដឹងផ្ដល់ជាមួយគេទៅវិញ ដោយមិនបានប្រាប់ទៅឪពុកម្តាយរបស់ពួកគេ។ ប៉ុន្តែដោយសារដឹងពីអំពើហិង្សាទាំងកម្រោល មិនខ្លាចច្បាប់ទម្លាប់បែបនេះឪពុកម្តាយរបស់ក្មេងប្រុសទាំង៣នាក់ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល សង្កាត់ក្រាំងធ្នង់ ប៉ុន្តែមិនទាន់មានចំណាត់ការនោះឡើយ។
យោងតាមពាក្យបណ្តឹងដែលទេីបទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមយុវជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ពួកគេទាំង៣នាក់បានជិះម៉ូតូចេញពីបន្ទប់ជួល ដើម្បីទៅទិញបាយឆាហូប។ លុះពេលទៅលើមុខស្ថានីយប្រេងឥន្ធនៈសាវីមិចរបស់ជនបង្កឈ្មោះ តាំង សឿន ស្រាប់តែបុគ្គលនេះ និងបក្ខពួកជិះរថយន្ដ ម៉ូតូ ដេញបុកពួកគេទាំងកម្រោលតែម្ដង ដោយគ្មានហេតុ។
នៅពេលដេញបុក (មានវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព) ម៉ូតូរបស់ពួកគេបានដួល ហើយក្នុងចំណោម៣នាក់ មានម្នាក់រត់ឲ្យអ្នកភូមិជួយ និង២នាក់ទៀត ត្រូវក្រុមជនបង្កចាប់បាន រួចចងដៃ ដកទូរស័ព្ទ និងព្រួតវាយយ៉ាងដំណំ។ ប៉ុន្តែជនរងគ្រោះដែលរត់រួច ក៏ត្រូវក្រុមបង្កតាមទៅចាប់យកមកដល់ស្ថានីយ៍ប្រេង និងបានប្រើហិង្សាផងដែរ។ ក្រោយនាំមកដល់កន្លែងរបស់ខ្លួន ក្រុមជនបង្ក បានប្រគល់ពួកគេទៅឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសួរនាំ។ នៅពេលសមត្ថកិច្ចសួរនាំជនបង្កឈ្មោះ តាំង សឿន បានអះអាងថា ពួកគេវាយជនរងគ្រោះច្រឡំ និងបង្គាប់ឲ្យធ្វើកិច្ចសន្យាមិនប្ដឹងផ្ដល់ទៅវិញ។
ដោយសាររងនូវភាពអយុត្តិធម៌ពីការប្រើប្រាស់អំពើហិង្សាដែលបង្កដោយបុគ្គលឈ្មោះ តាំង សឿន ដែលសង្ស័យថាមានតួនាទីជាមន្ដ្រីយោធានដែរនោះ ក្រុមគ្រួសាររបស់ជនរងគ្រោះទាំង៣នាក់ បាននាំពួកគេទៅដាក់ពាក្យ បណ្ដឹងវិញ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីឲ្យជួយអន្ដរាគមន៍កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
នៅពេលទៅដាក់ពាក្យបណ្ដឹងរួច នគរបាលប៉ុស្ដិ៍បានកោះហៅភាគីក្រុមជនបង្កដែលជាម្ចាស់ប្រេងឥន្ធនៈសាវីមិច ប៉ុន្ដែគេមិនចូលខ្លួនភ្លាមៗឡើយបើទោះបីបទល្មើសជាក់ស្ដែងយ៉ាងណាក្ដី ហើយភាគីជនបង្កបានប្រាប់សមត្ថកិច្ចថា នឹងចូលខ្លួនមកបំភ្លឺនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤សប្ដាហ៍ក្រោយ។
ទាក់ទិនករណីនេះ ជនរងគ្រោះដែលជាអនីតិជនទាំង៣នាក់ និងក្រុមគ្រួសារ បានស្នើសុំកិច្ចអន្ដរាគមន៍ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ចំពោះក្រុមជនបង្ក ដែលចាប់ចង និងព្រួយវាយទៅលើជនរងគ្រោះទាំងកម្រោលដោយគ្មានហេតុផលបែបនេះ ហាក់បីដូចជាសង្គមគ្មានច្បាប់ទម្លាប់អីចឹង។
បេីតាមការបញ្ជាក់ពីពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់អង្គភាពការសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គននៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ កន្លងទៅលោកធ្លាប់បានទទួលសេចក្ដីរាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ថា៖ មានករណីម្ចាស់ស្ថានីយប្រេងឥន្ធនៈ យល់ច្រឡំស្មានតែយុវជន៣នាក់នេះ ជាអ្នកគប់ផាវចូលស្ថានីយ៍ប្រេងរបស់ខ្លួនកាលពីពេលកន្លងទៅ និងបាននាំខ្លួនយុវជនទាំង៣នាក់នេះយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលមូលដ្ឋាន ប៉ុន្តែដោយសារតែក្រុមយុវជនទាំងនោះមិនចង់មានរឿងវែងឆ្ងាយក៏បានសម្របសម្រួលជាមួយបញ្ចប់រឿង ហេីយក៏បានត្រលប់ទៅផ្ទះរៀងៗខ្លួនទៅ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានបន្ថែមទៀតថា ប៉ុន្តែក្រោយអាណាព្យាបាលរបស់យុវជនរងគ្រោះបានដឹងរឿងនេះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដេីម្បីរកយុត្តិធម៌ជូនកូនៗរបសពួកគេ។
លោកអធិការ បានគូសបញ្ជាក់ថា ជុំវិញករណីនេះដែរ នៅថ្ងៃទី២១ ខែកញ្ញានេះ ឬក៏ថ្ងៃស្អែក លោកបានបញ្ជាឱ្យលោកប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ឱ្យកោះហៅភាគីទាំងសងខាង ចូលមកសាកសួរទៅតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ លោកក៏បានអរគុណចំពោះអ្នកសារព័ត៌មានដែលបានធ្វេីការសាកសួរលោកប្រកបដោយវិជ្ជាជីវៈផងដែរ៕
ដោយ៖ សិលា