ព័ត៌មានទាន់ហេតុការណ៍៖

បារម្ភពីគ្រោះទឹកជំនន់ រដ្ឋាភិបាលជម្លៀសប្រជាជនរាប់ម៉ឺននាក់ ចេញពីខេត្ត Ishikawa

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរជប៉ុន នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ បានប្រាប់ប្រជាជនរាប់ម៉ឺននាក់ជម្លៀសខ្លួនចេញពីខេត្ត Ishikawa ដែលជាតំបន់រងគ្រោះដោយគ្រោះរញ្ជួយដី ខណៈ ភ្លៀងធ្លាក់ខ្លាំងកំពុងធ្វើឱ្យទឹកទន្លេហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភពីហានិភ័យនៃទឹកជំនន់។
ក្រុមមន្ត្រីជប៉ុន បានប្រាប់ AFP ថាទន្លេចំនួន៣ នៅក្នុងខេត្ត Ishikawa បានហូរហៀរជន់លិចសហគមន៍នៅក្បែរខាងជាបណ្ដើរៗ ហើយថាពួកគេកំពុងវាយតម្លៃពីការខូចខាត ដល់អគារ និងហេដ្ឋានរចសម្ព័ន្ធមួយចំនួន។ ចំណែក ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានចេញការប្រកាសអាសន្នកម្រិតខ្ពស់ផងដែរ សម្រាប់ខេត្ត Ishikawa ដោយព្រមានពី គ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិត។
អាជ្ញាធរជប៉ុន ក្នុងទីក្រុង Wajima និង Suzu នៃខេត្ត Ishikawa បានបង្គាប់ឱ្យប្រជាជន ៣០ ០០០នាក់ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ខណៈ ប្រព័ន្ធផ្សព្វផ្សាយ NHK បានចេញផ្សាយទិដ្ឋភាពផ្លូវជាច្រើនក្នុងទីក្រុង Wajima បានលិចលង់៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖