សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ មកទល់ថ្ងៃអាទិត្យនេះ អ៉ីស្រាអែលនិងក្រុមហេសបូឡាលីបង់ បានបើកការវាយប្រហារដាក់គ្នាទៅវិញទៅមក យ៉ាងចាស់ដៃ ដោយកងយន្តហោះចម្បាំងរបស់អ៉ីស្រាអែល បានធ្វើសកម្មភាពទម្លាក់គ្រាប់បែកផ្លូវអាកាសយ៉ាងខ្លាំងក្លាបំផុតមួយ នៅភាគខាងត្បូងប្រទេសលីបង់ ខណៈខាងក្រុមហេសបូឡា បានប្រើរ៉ុក្កែតជាច្រើនគ្រាប់បាញ់ទៅលើគោលដៅយោធា នៅឯភាគខាងជើងប្រទេសអ៉ីស្រាអែល។
យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅសរុបប្រហែល ២៩០គោលដៅ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្នុងនោះរួមមានទាំងរ៉ុក្កែតរាប់ពាន់គ្រាប់ របស់ក្រុមហេសបូឡា ហើយនឹងបន្តការវាយប្រហាបន្ថែមទៀត។ រីឯនៅថ្ងៃអាទិត្យនេះវិញ អ៉ីស្រាអែលបានបិទសាលារៀន និងហាមឃាត់ការប្រមូលផ្តុំមនុស្ស តាមតំបន់ជាច្រើននៅភាគខាងជើងប្រទេស និងតំបន់ Golan Height ដែនស្ថិតក្រោមការត្រួតត្រារបស់ខ្លួន។
ស៉ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើង នៅភាគខាងជើងអ៉ីស្រាអែល ខណៈរ៉ុក្កែតនិងមីស៉ីលជាច្រើនគ្រាប់ បានហោះមកពីលីបង់ និងអ៉ីរ៉ាក់ តែភាគច្រើនត្រូវបានបាញ់ស្ទាក់ ដោយប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល អគារប៉ុន្មានខ្នងបានទទួលរងការខូចខាត ហើយមនុស្សមួយចំនួន បានរងរបួសស្រាល ប៉ុន្តែពុំមានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ក្រុម Hezbollah បាននិយាយថា វាគឺជាការឆ្លើយជំហានដំបូង សម្រាប់ការវាយប្រហារម្តងហើយម្តងទៀត របស់អ៉ីស្រាអែលលើលីបង់។
ទន្ទឹមគ្នា ក៏មានក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៉ីរ៉ង់ នៅឯប្រទេសអ៉ីរ៉ាក់ អះអាងដែរថា ខ្លួនបានវាយប្រហារដោយប្រើដ្រូន លើអ៉ីស្រាអែល។ យោធាអ៉ីស្រាអែល បាននិយាយថា ក្រោយការវាយប្រហាររ៉ុក្កែតរបស់ហេសបូឡា នាថ្ងៃអាទិត្យនេះ ខ្លួនបានឆ្លើយតបវិញភ្លាមៗ ដោយវាយប្រហារលើគោលដៅហេសបូឡា នៅលីបង់។
គួរបញ្ជាក់ថា ការកើនឡើងខ្លាំងនៃសកម្មភាពវាយប្រហារដាក់គ្នាទៅវិញទៅមកនេះ កើតមានឡើងក្នុងរយៈពេលតិចជាង៤៨ម៉ោង បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសមួយ របស់អ៉ីស្រាអែល ដែលមានគោលដៅលើមេបញ្ជាការរបស់ហេសបូឡា បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៣៧នាក់ នៅរដ្ឋធានី Beirut របស់លីបង់ ក្នុងនោះមានទាំងមេបញ្ជាការជាន់ខ្ពស់។
ការវាយប្រហារនោះទៀតសោត គឺកើតឡើងបន្ទាប់ពីក្រុមហេសបូឡា បានជួបប្រទះហេតុការណ៍ផ្ទុះឧបករណ៍ទាក់ទង ២ថ្ងៃជាប់គ្នា ក្នុងសប្តាហ៍នេះ ដែលខ្លួនសង្ស័យថា ជាស្នាដៃរបស់អ៉ីស្រាអែល។ ករណីផ្ទុះម៉ាស៉ីនផ្ញើសារ pager និងវិទ្យុទាក់ទងអាយកូមទាំងនោះ បានសម្លាប់មនុស្សសរុប៣៩នាក់ និងបង្កឱ្យរបួសជាង៣,០០០នាក់ ក្នុងនោះច្រើននាក់ ជាសមាជិកហេសបូឡា៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)