ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១២៨ . លេខ៩ និង នាយ-ពលនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤ ម្សិលមុិញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងគណៈប្រតិភូ អញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ ដល់នាយ-ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១២៨ កងពលតូចអន្តរាគមន៍លេខ៩ និងនាយ-ពលនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ និងបាននាំយកអំណោយជា ថវិកា មី ត្រីខ និងគ្រឿងឧបភោគបរិភោគ មួយចំនួនធំផងដែរ។

ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពល បានសម្ដែងនូវមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ លោកអភិបាល នៃគណអភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ  ដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា ដែលសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការអាណិតស្រលាញ់ ការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ ការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។ 

លោកមេបញ្ជាការកងពល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អមដំណើរ ដែលបានយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំនាឱកាសនេះ និងសូមគោរពជូនពរ លោកអធិបតី គណៈអធិបតី ភ្ញៀវកិត្តិយស ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងនាយ-ពលនគរបាលទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ។ 

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី  បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនអង្គភាពជាសម្ព័ន្ធមេត្រីភាព រួមមាន ៖

១. កងពលធំអន្តរាគមន៍លេខ៣ មាន (ថវិកា ប្រេងម៉ាស៊ូត មី ត្រីខ និងទឹកត្រី.ស៊ីអ៊ីវ)។

២. កងពលតូចអន្តរាគមន៍លេខ១២៨  យោធភូមិភាគទី១ មាន (ថវិកា ប្រេងម៉ាស៊ូត មី ត្រីខ និងទឹកត្រី.ស៊ីអ៊ីវ)។

៣. កងពលតូចអន្តរាគមន៍លេខ៩ មាន (ថវិកា ប្រេងម៉ាស៊ូត មី ត្រីខ និងទឹកត្រី.ស៊ីអ៊ីវ)។

៤. វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ មាន (ថវិកា ប្រេងម៉ាស៊ូត មី ត្រីខ និងទឹកត្រី.ស៊ីអ៊ីវ)។ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់អង្គភាព អាជ្ញាធរដែនដី និងវត្តក្នុងភូមិសាស្ត្រជិតកងពល ៕

ដោយ ៖ សិលា


ចែករំលែក៖