ការបាញ់ប្រហារមួយបានកើតឡើងនៅក្នុងសង្កាត់កម្សាន្តដ៏មមាញឹកមួយក្នុងទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្ស 4 នាក់ និងរបួស 17 នាក់ កាលពីថ្ងៃទី ២២ខែកញ្ញា ។
យោងតាមប្រធានប៉ូលីស Birmingham លោក Scott Thurmond អ្នកវាយប្រហារជាច្រើនបានមកដល់តំបន់ Five Points South ហើយបានចេញពីរថយន្តរបស់ពួកគេ ហើយចាប់ផ្តើមបាញ់ប្រហារ បន្ទាប់មកបានចាកចេញពីកន្លែងកើតហេតុយ៉ាងលឿន។ នៅពេលនេះមិនមានជនសង្ស័យណាមួយត្រូវបានចាប់ខ្លួនទេ ហើយប៉ូលីសកំពុងសហការជាមួយ FBI ដើម្បីស៊ើបអង្កេតករណីនេះ។ យោងតាមព័ត៌មានដំបូង ខ្មាន់កាំភ្លើងប្រហែលជាបានប្រើឧបករណ៍បំប្លែងកាំភ្លើងទៅជាកាំភ្លើងយន្ត។
ប៉ូលីសបានរកឃើញបុរសពីរនាក់ និងស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះទី 4 បានស្លាប់នៅមន្ទីរពេទ្យ University of Alabama។ គ្រាប់កាំភ្លើងសរុបជាង១០០គ្រាប់ត្រូវបានប្រមូលនៅកន្លែងកើតហេតុ ។
ជនរងគ្រោះបីនាក់ក្នុងចំនោមជនរងគ្រោះទាំងបួននាក់ត្រូវបានគេស្គាល់អត្តសញ្ញាណថា Anitra Holloman (អាយុ 21 ឆ្នាំ) Tahj Booker (អាយុ 27 ឆ្នាំ) និង Carlos McCain (អាយុ 27 ឆ្នាំ) ខណៈដែលអត្តសញ្ញាណជនរងគ្រោះទី 4 មិនទាន់ត្រូវបានកំណត់។
អភិបាលក្រុង Birmingham លោក Randall Woodfin បានថ្កោលទោសអំពើហឹង្សាដោយកាំភ្លើងនៅក្នុងទីក្រុង ហើយបានអំពាវនាវឱ្យមានច្បាប់តឹងរ៉ឹង ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍បំប្លែងកាំភ្លើង។ លោកបានសង្កត់ធ្ងន់ថា អំពើហិង្សាបានក្លាយទៅជា “វិបត្តិ” ហើយការផ្លាស់ប្តូរគោលនយោបាយគឺត្រូវការនៅគ្រប់កម្រិតដើម្បីការពារប្រជាជន៕ ដោយ៖ ធីរីណា
រូបថត៖ WVTM