ភ្នំពេញ ៖ កត្តាសន្តិភាព និងសន្តិសុខល្អប្រសើរនៅកម្ពុជា ត្រូវបាន លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ពោលសរសើរថាជាចំណែកយ៉ាងសំខាន់នៃការផ្ដល់ទំនុកចិត្តទៅកាន់ភ្ញៀវទេសចរណ៍អង់គ្លេសឱ្យធ្វើដំណើរមកកំសាន្តកាន់តែច្រើនជាងមុននៅកម្ពុជា។ ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ លោក Dominic Williams បានថ្លែងសាទរចំពោះ លោកអភិសន្តិបណ្ឌិត ដែលបានបំពេញតួនាទីរក្សាសន្តិភាព និងសន្តិសុខនៅកម្ពុជាបានយ៉ាងល្អ ដោយអះអាងថា ជាក់ស្តែងលទ្ធផលនេះបាននាំឱ្យមានកំណើនភ្ញៀវទេសចរណ៍អង់គ្លេសមកកាន់កម្ពុជាច្រើនលើសលប់។
ក្រៅពីថ្លែងកោតសរសើរលើការរក្សាសន្តិសុខ លោកឯកអគ្គរាជទូតអង់គ្លេស ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតាមរយៈក្រសួងមហាផ្ទៃជាសេនាធិការ បានការខិតខំប្រឹងប្រែងបង្កើត និងដាក់ឱ្យដំណើរការ ប្រព័ន្ធ Cambodia E-Visa ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកាន់កម្ពុជា។ ជាមួយគ្នានេះ លោក ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសផងដែរ។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ឯកអគ្គរាជទូតអង់គ្លេស ដែលបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដោយបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង៧ទសវត្សរ៍មកនេះ ប្រកបដោយមិត្តភាពល្អ និងមានភាពជាដៃគូស្ទើគ្រប់វិស័យ។
លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះការប្តេជ្ញាចិត្ត និងការសហការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន ជាពិសេសវិស័យអប់រំ ដែលរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេសតែងតែផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាបន្តការសិក្សាជាន់ខ្ពស់នៅចក្រភពអង់គ្លេស តាមរយៈកម្មវិធីអាហារូបករណ៍ Chevening រួមចំណែកយ៉ាងធំធេងដល់ការកសាងមូលធនមនុស្សសម្រាប់កម្ពុជា ក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ សម្រាប់រយៈពេលយូរអង្វែង។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្តែងការជឿជាក់យ៉ាងមុតមាំថាកម្ពុជា និងអង់គ្លេស នឹងខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យមានភាពរីក ចម្រើនកាន់តែខ្លាំង៕
ដោយ ៖ សិលា