ខេត្តមណ្ឌលគិរី៖ តំបន់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្ត្រខេត្តមណ្ឌលគិរី បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតមួយ ដែលភ្ញៀវចាប់ផ្ដើមពេញនិយមទៅទស្សនាកម្សាន្ត ទាំងភ្ញៀវមកពីបណ្ដារាជធានីខេត្តនានា និងភ្ញៀវទេសចរពីទីរួមខេត្តមណ្ឌលគិរីផ្ទាល់ ព្រោះទីនោះពោពេញទៅដោយសក្ដានុពលធម្មជាតិដ៏សម្បូរបែប បង្កើតជាជម្រើសកម្សាន្តជាច្រើនសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិ ។
ជាក់ស្ដែងនៅថ្ងៃទី២៣ កញ្ញា ២០២៤ ក្រុមរថយន្តOff Roadគោព្រៃមណ្ឌលគិរី បានដឹកនាំក្បួនរថយន្តជាច្រើនគ្រឿងធ្វើដំណើរទៅកម្សាន្ត និងពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាម ភូមិសាស្ត្រស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី ។ ដំណើរកម្សាន្តឆ្លុះបង្ហាញឲ្យឃើញពីសក្ដានុពលធម្មជាតិយ៉ាងទាក់ទាញ ជាមួយនិងវិធានការពារសុវត្ថិភាពជូនភ្ញៀវទេសចរយ៉ាងល្អពីសំណាក់កងកម្លាំងការពារព្រំដែននៅទីនោះ ។
លោក ទូច រស្មី ប្រធានក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានអំពាវនាវឲ្យអ្នកទេសចរដែលមកកម្សាន្តខេត្តមណ្ឌលគិរី គួរសាកល្បងមកកម្សាន្តតាមបន្ទាត់ព្រំដែន ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រោះតំបន់នេះពោពេញទៅដោយ តំបន់ទេសចរណ៍ធម្មជាតិជាច្រើន និងមានជម្រើសសម្រាប់ការកម្សាន្តគួរឲ្យចាប់អារម្មណ៍ ។ លោកបន្តថា ក្នុងដំណើរកម្សាន្តមកកាន់ទីនេះ ភ្ញៀវអាចចូលទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា បន្ទាប់មកបានឆ្លងកាត់តំបន់ទេសចរណ៍ភ្នំណាមលៀរ ដ៏ល្អឯក ដែលជាភ្នំថ្មម៉ាបធំបំផុតរបស់ខេត្តមណ្ឌលគិរី និងស្រស់ស្អាតខ្លាំង ។
មិនតែប៉ុណ្ណោះតាមដងផ្លូវហ៊ុព័ទ្ធទៅដោយធម្មជាតិព្រៃឈើយ៉ាងស្រស់បំព្រង ផ្លូវក្រវ៉ាត់ព្រំដែនមានការស្ថាបនាជាប្រភេទផ្លូវក្រួសក្រហមធំទូលាយ មិនពិបាកធ្វើដំណើរ ដែលធ្វើឲ្យភ្ញៀវទេសចរនឹងប្លែកភ្នែក ប្លែកអារម្មណ៍ ។ ទន្ទឹមនេះដែរចំពោះក្រុមអ្នកទេសចររថយន្តOff Raod ដែលចូលចិត្តបើករថយន្តឆ្លងកាត់ឧបសគ្គ តំបន់នេះក៏មានទីតាំង និងប្រភេទផ្លូវព្រៃភ្នំអនុញ្ញាតឲ្យរថយន្តOffRoadបើកបរយ៉ាងសប្បាយ ។
ក្នុងដំណើរកម្សាន្តរបស់អ្នកទេសចរដឹកនាំដោយក្រុមរថយន្តOffRoadគោព្រៃមណ្ឌលគិរី ក៏បាននាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ ព្រមទាំងថវិកា ដែលជាអំណោយរបស់សប្បុរសជន ព្រះសង្ឃ និងក្រុមគោព្រៃមណ្ឌលគិរីផ្ទាល់ ផ្ដល់ជូនកងកម្លាំងដែលកំពុងឈរជើងការពារទឹកដី និងការពារសុវត្ថិភាពជូនភ្ញៀវទេសចរនៅទីនោះផងដែរ ៕
ប្រភព ៖ អង្គភាព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី