ឡូសអែនជែលលេស៖ តបតាមការគោរពអញ្ជើញរបស់ក្រុមហ៊ុន SpaceX លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេស ប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម។
គួរជម្រាបដែរថា៖ Starlink គឺជាក្រុមផ្កាយរណបអ៊ីនធឺណិត ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិតល្បឿនលឿនចល័តជាសកល គ្របដណ្តប់ជាង ១០០ប្រទេសនៅលើពិភពលោក។ ប្រតិបត្តិការនេះដំណើរការដោយ Starlink Services, LLC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SpaceX។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយតំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ដ៏ធំ មានវត្តមាននៅតំបន់ជាច្រើនជុំវិញពិភពលោក ដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុប ជាដើម។
តាមរយៈជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុនឱ្យបានជ្រាបថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែយើងមានសក្តានុពលទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និងអរូបិយ។ ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគណៈប្រតិភូរបស់ក្រុមហ៊ុន Highgate ស្វែងរកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃបរិយាសកាសវិនិយោគ និងធ្វើដំណើរកំសាន្តទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាពពិចារណាលើការបោះទុនវិនិយោគ ក្នុងឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate បានឯកភាពនឹងការអញ្ជើញខាងលើ ហើយគ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងវឌ្ឍនភាពនៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុងមានវត្តមាននៅកម្ពុជាផងដែរ៕
ដោយ៖ តារា