ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋម្នាក់ចូលទៅកាប់ឈើក្នុងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ (តំបន់ហាមឃាត់ព្រៃមានមីន) បានជាន់មីនផ្ទុះរបួសដាច់ជើងម្ខាងនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មុខរបរកម្មករ ។
នគរបាលបានបញ្ជាក់ថាៈមុនកើតហេតុជនរងគ្រោះបានចូលទៅកាប់ឈើក្នុង(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។ ភ្លាមៗនោះមានកម្លាំងនគរបាលការពារព្រំដែនគោកនិងកម្លាំងយោធានៅក្បែរនោះបាននាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបុរីភ្លាមៗផងដែរ ។
ក្នុងករណីនេះដែរ លោកវរសេនីយ៍ទោ អុឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមព្រំដែន សូមកុំឲ្យដើរចូលក្នុងព្រៃទៅរកកាប់ឈើឬក៏រកអនុផលព្រៃឈើដែលជាតំបន់ហាមឃាត់សង្ស័យមានមីនឬកន្លែងមានដាក់ស្លាកសញ្ញាមីននាំឱ្យមានគ្រោះថ្នាក់៕
ដោយ ៖ វណ្ណា