ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់រត់ចុះពីលើផ្ទះជាន់ខុសកាំជណ្ដើរធ្លាក់ទៅបុកកន្ទុយគោយន្តស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នាជាមួយប្ដី រត់ចុះពីលើផ្ទះជាន់កាំជណ្ដើរខុសធ្លាក់ទៅបុកកន្ទុយគោយន្ត។ហេតុការណ៍កើតឡើងនៅចំណុចក្រុមទី០៥ ភូមិបឹងខ្ទម្ព ឃុំសិរីមានជ័យ ស្រុកសំពៅលូន  នៅម៉ោងប្រហែល ០០ និង១០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មានករណីអំពើហិង្សានៅក្នុងគ្រួសារ  បង្កឡើងដោយជនសង្ស័យជាប្តីឈ្មោះ អ៊ូច ជ្រឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ មានទីលំនៅភូមិបឹងខ្ទម្ព ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលស្រវឹងស្រាឈ្លោះជេរប្រពន្ធឈ្មោះ ឌឿក រី ភេទស្រី អាយុ ៥១ ឆ្នាំ ដោយប្រពន្ធក៏ស្រវឹងស្រាដែរ ហើយប្រើឱ្យប្តីកោសខ្យល់ឱ្យ តែដោយប្តីស្រវឹងស្រាដែរមិនបានកោសខ្យល់ឱ្យប្រពន្ធទេ ក៏ឈ្លោះជេរប្តីហើយប្តីក៏បានចាប់ប្របួចសក់បម្រុងវាយ ក៏ត្រូវក្មួយឈ្មោះ សុខ ឌី ភេទប្រុស អាយុ៤២ឆ្នាំ ឡើងទៅលើផ្ទះឃាត់ ចាប់បំបែកចេញ ពីគ្នា។ ក្រោយពេលចាប់បំបែកចេញហើយ ប្រពន្ធដោយខ្លាចប្តីវាយក៏បានរត់ចុះពីលើផ្ទះជាន់ខុសកាំជណ្តើរបណ្តាលឲ្យរមៀលធ្លាក់ពីលើផ្ទះមកដីមានកម្ពស់ ១,៣០ ម៉ែត្រ និងបន្តរត់ទៅបុកនឹងកន្ទុយគោយន្តដែលទុកនៅមុខផ្ទះ បណ្តាលឲ្យរងរបួសសន្លប់លែងដឹងខ្លួន រហូតដល់ម៉ោងប្រហែល០១ជាង ថ្ងៃដដែល ជនរងគ្រោះជាប្រពន្ធក៏បានដាច់ខ្យល់ស្លាប់តែម្តង។ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ បានចុះទៅដល់ទីកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យជាប្តីឈ្មោះ អ៊ូច ជ្រឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន កសាងសំណរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖