ខេត្តកណ្ដាល៖ គួរឱ្យអាណិតណាស់ ខំទៅវត្តដាក់បិណ្ឌ ដោយចាក់សោរផ្ទះបានត្រឹមត្រូវ លុះត្រឡប់មកវិញ ត្រូវបានចោរលួចគាស់ផ្ទះ យកលុយអស់ជាង៥ពាន់ដុល្លារ និងប្រាក់រៀលជាង៣លានរៀលថែមទៀត ។
ករណីនេះបានកើតឡើង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះវេលាម៉ោង៧និង៣០នាទីព្រឹក ទៅម៉ោង១២និង១៥នាទីរសៀល ផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិបឹងលេី ឃុំខ្ពបអាទាវ ស្រុកលេីកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ា វណ្ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ទីតាំងកេីតហេតុខាងលេី ។
ចំណែកជនសង្ស័យ (មិនស្គាល់អត្តសញ្ញាណ) ។
សម្ភារៈបាត់បង់មាន៖ លុយខ្មែរ ប្រហែលជិត បីលានរៀល ,លុយដុល្លា ៥៦០០ដុល្លា(ប្រាំពាន់ប្រាំមួយរយដុល្លារ) ,វត្ថុតាងចាប់យក មាន បង្គោលរបងឈេីទំហំ ប៉ុនកជេីង ប្រវែង២,៤០ម៉ែត្រ ចំនួន ១ដេីម ,ចំរឹងដែកបង្អួចប្រវែង ០,៣៥ ម៉ែត្រ ចំនួន ១ដេីម។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ជនរងគ្រោះ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៧ និង ៣០នាទី ជនរងគ្រោះ និង ក្រុមគ្រួសារ បានទៅដាក់បិណ្ឌ នៅវត្តមជ្ឈឹមវ័ន ហៅវត្តខ្ពបអាទាវ មុននិងចេញពីផ្ទះបានរៀបចំចាក់សោរ និងបិទ ភ្លេីង ត្រឹមត្រូវ លុះដល់ពេលត្រឡប់មកវិញដល់ផ្ទះ វេលាម៉ោង ១២និង១៥នាទី បានចាក់សោរផ្ទះចូលក្នុងផ្ទះ ក៏បានឃេីញភ្លេីង បន្ទប់បេីកដោយមានការសង្ស័យក៏ដេីរសំដៅមកក្នុងបន្ទប់ ស្រាប់តែឃេីញ អីវ៉ាន់ រាយប៉ាយ ពេញបន្ទប់ ទេីបដឹងថា មាន ចោរ ចូលផ្ទះ ហេីយទ្វារផ្ទះខាងក្រោយ មានស្នាមគាស់ និង បង្អួច មានការបាក់ចំរឹង ទេីបរាយការណ៍មកសមត្ថកិច្ចតែម្តង ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលខ្ពបអាទាវ សហការជាមួយកម្លាំង ផ្នែកព្រហ្មទណ្ឌស្រុក និង កម្លាំងផ្នែក ពិនិត្យ វិភាគ កន្លែង កេីតហេតុ បានចុះមកដល់ទីតាំងកេីតហេតុ ដេីម្បីប្រមូលវត្ថុតាង នឹងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាយកមកចាត់ការ តាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ