ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើរាជរដ្ឋាភិបាលនឹងធ្វើអ្វីបន្តទៀតបើគម្រោងកិច្ចសហប្រតិ្តការតំបន់ត្រីកោណអភិវឌ្ឍន៍ត្រូវបានបញ្ចប់?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ទោះបីជាមានកិច្ចសហប្រតិ្តការតំបន់ត្រីកោណអភិវឌ្ឍន៍ ឬគ្មានក៏ដោយ ក៏យើងត្រូវបន្តការងារការពារទឹកដី ការពារធិបតេយ្យភាព និងជំរុញឱ្យមានការរីកចម្រើន និងភាពម្ចាស់ការរបស់កម្ពុជា ដែលមិនត្រឹមតែក្នុងតំបន់ឦសានប៉ុណ្ណោះទេ ប៉ុន្តែគឺនៅទូទាំងប្រទេសរបស់យើងតែម្ដង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ជាពិសេសយើងត្រូវបន្តការចរចាបោះបង្គោលព្រំដែនឱ្យចប់ដោយភាពទទួលខុសត្រូវ និងត្រូវបន្តកសាងផ្លូវក្រវ៉ាត់ព្រំដែនឱ្យចប់ ហើយឱ្យប្រជាពលរដ្ឋទៅរស់នៅ ដើម្បីធានាថា គ្រប់កន្លែងនៃប្រទេសរបស់យើង គឺកូនខ្មែរបានទៅដល់ និងជួយការពារទឹកដី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថា ៖ ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួនឡើយ គឺការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសានទាំង៤របស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រឿងមាន DTA ឬមិនមាន DTA មិនសំខាន់ទេ ប៉ុន្ដែអ្វីដែលសំខាន់គឺកម្ពុជាត្រូវបន្តការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន និងបោះបង្គោលព្រំដែនដែលនៅសេសសល់បន្ថែមទៀត ៕ 

ដោយ ៖ សិលា


ចែករំលែក៖