ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ “ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរអភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សាដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញដែលជាតម្រូវការក្នុងទីផ្សារការងារ និងទិសដៅនៃការអភិវឌ្ឍប្រទេស រួមទាំងផ្នែកបច្ចេកវិទ្យា និង ឌីជីថល ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជា”។ ការផ្តល់អនុសាសន៍នេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និង នវានុវត្តន៍។
សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខជាឪពុកម្តាយទី ២ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំ ប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តជាក់ស្តែង។
សម្តេចធិបតី ក៏បានថ្លែងលើកទឹកចិត្តលើការស្រាវជ្រាវឱ្យបានទូលំទូលាយ ជាពិសេសតាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តីដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យ អប់រំកម្ពុជានៅលើឆាកអន្តរជាតិផង និងដើម្បីជាជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំ គោលនយោបាយសង្គមសេដ្ឋកិច្ចផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់ដំបូន្មានដល់និស្សិតថា ៖ «កុំធ្វើជាមនុស្សទឹកកក ត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ ដើម្បីសម្រេចលទ្ធផលការងារឱ្យបានលើសពីការរំពឹងទុក»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា ការទទួលបានសញ្ញាបត្រនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ជីវិតនិងការសិក្សារបស់និស្សិតគ្រប់គ្នា។ ដូច្នេះនិស្សិតគ្រប់គ្នាត្រូវបន្តសិក្សារៀនសូត្របន្ថែមនៅកម្រិតខ្ពស់បន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ជាបទពិសោធន៍របស់សម្ដេច រៀនគ្រប់ទីកន្លែង រៀនពីគ្រប់គ្នា ហើយកុំភ្លេចរៀនពីខ្លួនឯងផង ខ្លួនឯងជាគ្រូរបស់ខ្លួនឯង។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «មុននឹងខ្ញុំឡើងតួនាទីនេះ ខ្ញុំជាមេជើងគោកផង (អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ) ពីអគ្គមេបញ្ជាការរងកងទ័ពជើងគោកផង ពីកូនរបស់ឪពុក ពីកូនរបស់ម្ដាយ អីចឹងអ្វីដែលគាត់ណែនាំអប់រំ យើងតែងតែរកវិធីថា កុំឱ្យខុសដដែលទៀត ពេលខ្លះត្រូវអង្គុយសិក្សាមើលខ្លួនឯង កុំឱ្យដូចទឹកកក។ ទឹកកកហ្នឹងថ្កល់ អត់រីកទេ យូរៗទៅត្រូវថ្ងៃរលាយអស់។ យ៉ាងណាមិញសមត្ថភាព ចំណេះដឹង ក៏ដូចគ្នា មិនអាចទុកចោលនោះទេ ត្រូវតែពង្រីកបន្ថែម»។
ដំបូន្មានមួយទៀតដែលសម្ដេចធិបតីបានលើកឡើង៖ កាលនៅរៀន គឺរៀនឱ្យបានពិន្ទុ១០០ភាគរយ តែនៅពេលចេញធ្វើការ ត្រូវធ្វើឱ្យបាន១២០ភាគរយ ទើបជោគជ័យ គឺត្រូវមានគំនិតច្នៃប្រឌិតធ្វើឱ្យល្អបន្ថែមលើសពីការរំពឹងទុក បន្ថែមការស្រាវជ្រាវ បង្កើតវិធីសាស្ត្រ ឬក៏របៀបរបបឱ្យកាន់តែរីកចម្រើន នោះហើយជាលទ្ធផល១២០ភាគរយ៕
ដោយ ៖ សិលា