ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាខឹងប្រពន្ធជេរឪពុកម្ដាយចាប់ប្រពន្ធបោកទៅនឹងគ្រែសន្លប់ស្ដូក

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ស្រវឹងស្រា ខណៈមកដល់ផ្ទះវិញឃើញប្រពន្ធជេរដល់ឪពុកម្ដាយ ទប់កំហឹងពុំបានក៏ស្ទុះទៅចាប់បោចសក់ប្រពន្ធបោកផ្ទប់ទៅនឹងគ្រែបណ្ដាលឱ្យហូរឈាមតាមច្រមុះសន្លប់ស្ដូកស្តឹងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អាត ស្រីអាយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ចំណែកជនសង្ស័យឈ្មោះ អៀង រតនៈ  ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ជនរងគ្រោះនិងជនសង្ស័យត្រូវជាប្តីប្រពន្ធនឹងគ្នា រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា ជនរងគ្រោះនិងជនសង្ស័យជាប្តីប្រពន្ធនឹងគ្នា ដោយបានរៀបការសែនព្រេនជាមួយគ្នាបង្កើតបានកូនចំនួន០២នាក់ និងតែងតែឈ្លោះគ្នាជាញឹកញាប់។ លុះមកដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៤ម៉ោង១៩និង៣០នាទី ជនសង្ស័យត្រូវជាប្តីក្រោយពីផឹកស៊ីជាមួយមិត្តភក្តិ ស្រវឹងស្រាបានដើរមកផ្ទះ ក៏ត្រូវបានជនរងគ្រោះជាប្រពន្ធស្តីបន្ទោសថាឱ្យបន្តិចបន្ទួចក៏មានចិត្តខឹង រួចចាប់បោចសក់ជនរងគ្រោះបោកក្បាលទៅនឹងគ្រែចំនួន០២ដង បណ្តាលឱ្យជនរងគ្រោះមានរបួសស្នាមហូរឈាមតាមច្រមុះសន្លប់មិនដឹងខ្លួន ។ បន្ទាប់មកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង រួចទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឱ្យឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនិងចាត់ការតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា មូលហេតុដែលធ្វើឱ្យខ្លួនប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពីព្រោះខ្លួនផឹកស្រាស្រវឹងខឹងប្រពន្ធជេរដល់ឪពុកម្តាយរបស់ខ្លួន ទ្រាំពុំបានក៏ចាប់សក់បោកទៅនឹងគ្រែចំនួន០២ដងប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖