ប៉េកាំង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនៃ “កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី៣ នៅក្នុងតំបន់អាស៊ី របស់វេទិកាដឹកជញ្ជូនអន្តរជាតិ” (Minister’s Roundtable at the 3rd ITF Regional High-level Dialogue for Asia) ដែលរៀបចំឡើងដោយវេទិកាដឹកជញ្ជូនអន្តរជាតិ ITF (International Transport Forum)។ កិច្ចប្រជុំតុមូលនេះមានការចូលរួមពីបណ្តាប្រទេសនៅអាស៊ី ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការអន្តរជាតិសំខាន់ៗ ដែលមានជំនាញនៅក្នុងផ្នែកដឹកជញ្ជូន។
កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់វេទិកាដល់រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំពិភាក្សាគ្នាដោយចំហរ និងប្រកបដោយន័យស្ថាបនា នូវប្រធានបទដែលទាក់ទងនឹងការដឹកជញ្ជូន ដែលមានភាពប្រទាក់ក្រឡាគ្នាទៅនឹងវិស័យគន្លឹះផ្សេងទៀត។
លោកប៉េង ពោធិ៍នា បានជម្រាបជូនអង្គប្រជុំ អំពីភាពចាំបាច់ក្នុងធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនជាមួយ នឹងវិស័យសំខាន់ៗផ្សេងទៀត ដូចជា៖ ថាមពល សុខាភិបាល និងការរៀបចំផែនការទីក្រុង ដើម្បីឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ឆ្លើយតបទៅនឹងតម្រូវជាក់ស្តែងនៃវិស័យទាំងនោះ។ លោករដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍នៅកម្ពុជា អំពីការពង្រឹងប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវដែក និងពង្រីកបណ្តាញផ្លូវថ្នល់។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យដឹក ជញ្ជូន និងឡូជីស្ទីកប្រកបដោយចីរភាព ទាមទារឱ្យមានដំណោះស្រាយរួមមួយជាលក្ខណៈប្រព័ន្ធ ទាំងក្នុងក្របខណ្ឌនៃប្រទេសនីមួយៗ ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ព្រមទាំងឆន្ទៈមុតស្រួចរបស់ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ ក្នុងការជំរុញការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន និងឡូជីស្ទីក៕
ដោយ៖ សូរិយា