ព័ត៌មានទាន់ហេតុការណ៍៖

FA ចោទប្រកាន់ខ្សែប្រយុទ្ធ Osmajic ជុំវិញការប្រព្រឹត្តហិង្សាលើកីឡាករ Beck

ចែករំលែក៖

ខ្សែប្រយុទ្ធ Milutin Osmajic របស់ក្លិប Preston North End ត្រូវបានសមាគមបាល់ទាត់អង់គ្លេសចោទប្រកាន់ពីបទប្រព្រឹត្តហិង្សាបន្ទាប់ពីបានខាំទៅលើខ្សែការពារ Owen Beck របស់ក្លិប Blackburn Rovers ។

ខ្សែការពារ Beck ដែលកំពុងខ្ចីជើងពី Liverpool ត្រូវបានបណ្តេញចេញក្នុងដំណាក់កាលបិទនៃការប្រកួត Lancashire Derby ដែលគ្មានគ្រាប់បាល់នៅថ្ងៃអាទិត្យ ដោយសារការទាត់ចេញនៅលើទីលាន Duane Holmes របស់ក្រុម Preston។

ការប៉ះទង្គិចគ្នាបានកើតឡើងដោយ Beck វ័យ២២ឆ្នាំបានតវ៉ាយ៉ាងខឹងសម្បារចំពោះអាជ្ញាកណ្តាល Matthew Donohue ថា គាត់ត្រូវ Osmajic ខាំដែលទទួលបានកាតលឿង។

ការចាក់ផ្សាយឡើងវិញតាមទូរទស្សន៍ហាក់ដូចជាបង្ហាញថា Osmajic វ័យ២៥ឆ្នាំបានខាំ Beck នៅលើខ្នងផ្នែកខាងលើរបស់គាត់ប្រាកដមែន។ Osmajic មានរយៈពេលរហូតដល់ថ្ងៃចន្ទទី៣០ ខែកញ្ញាដើម្បីផ្តល់ការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ។

លោក John Eustace អ្នកចាត់ការទូទៅរបស់ក្លិប Blackburn បាននិយាយថា “Owen Beck មានស្នាមខាំធំនៅផ្នែកខាងក្រោយនៃករបស់គាត់ ហើយវាជាការអាម៉ាស់ដែលអាជ្ញាកណ្តាលមិនបានឃើញដូច្នេះ”។

គួររំលឹកថា ករណីខាងលើនេះក៏ធ្លាប់មានដែរ ដោយកាលណោះខ្សែប្រយុទ្ធ Luis Suarez ដែលពេលនោះលេងឲ្យក្រុមហង្សក្រហម Liverpool បានទទួលបម្រាម១០ប្រកួតកាលពីឆ្នាំ២០១៣ ដោយសារការខាំទៅលើកីឡាករ Branislav Ivanovic របស់ក្រុមតោខៀវ Chelsea ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖