ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យគ្រូពេទ្យម្នាក់ស្លាប់ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ សូមបំភ្លឺជូនសាធារណជនចំពោះការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យគ្រូពេទ្យ០១នាក់ ស្លាប់ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ចំពោះករណីនេះកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងម៉ូតូកង់បី ( ផាសអាប់ ) ម៉ាក BAJAJ ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1Q-2839 បើកបរដោយឈ្មោះហុិន មោង ភេទប្រុស និង ម៉ូតូម៉ាក SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GB-4785 បើកបរដោយឈ្មោះ ហូ សាលីន ភេទស្រី នៅចំណុចមុខផ្សារទំនើបស៊ូភើស្ទ័រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បណ្តាលឱ្យអ្នកបើកបរ SCOOPY រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នកបើកបរម៉ូតូកង់បី ( ផាសអាប់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ក្រោយកើតហេតុមន្រ្តីនគរបាលចរាចរណ៍បានចុះទៅវាស់វែងត្រួតពិនិត្យប្រមូលព័ត៌មាននៅកន្លែងកើតហេតុ តាមការងារជំនាញបន្ទាប់មកសមត្ថកិច្ចបាននាំអ្នកបើកបរម៉ូតូកង់បី (ផាសអាប់) មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកជនរងគ្រោះបន្ទាប់មកត្រូវបានក្រុមគ្រួសារនាំចេញពីមន្ទីរពេទ្យកាល់ម៉ែតហើយដឹកបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម បន្ទាប់មកបានទទួលមរណភាពនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះអ្នកបើកបរម៉ូតូកង់បី ( ផាសអាប់ ) ត្រូវបានមន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចហើយ ទន្ទឹមនោះអ្នកបើកម៉ូតូកង់បីក៏ត្រូវបានលោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែប្រែទី១ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៤មកម្លេះ៕

ដោយ៖ អរុណរះ


ចែករំលែក៖