ខេត្តព្រះវិហារ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់បានជិះម៉ូតូធ្លាក់ជង្ហុករួចដួលបាក់ភ្លៅទាំង២ រហូតឈានដល់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៦២ចន្លោះគីឡូលេខ៤៤-៤៥ស្តិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអូត រិត ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិទូលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានជិះម៉ូតូម៉ាកវេ៉វពណ៌ខ្មៅ(គ្មានស្លាកលេខ)បានធ្លាក់ជង្ហុកធំមួយនៅលើផ្លូវជាតិលេខ៦២ បណ្តាលឱ្យរងរបួសធ្ងន់ រហូតឈានដល់ស្លាប់នៅនឹងកន្លែងតែម្តង។
បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យ និងវាស់វែងរួច ក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯសម្ភារៈវត្ថុតាងក្រុមគ្រួសារបានសុំយកទៅប្រើប្រាស់។
សមត្ថកិច្ចសំណូមពរឱ្យអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ មេត្តាបង្កើនការប្រុងប្រយ័ត្ន ព្រោះផ្លូវបានរងការខូចខាតជាច្រើនកន្លែងដោយសារកត្តាជំនន់ទឹកភ្លៀង៕
ដោយ៖ សូរិយា