ភ្នំពេញ៖ លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡាបានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួល បានលទ្ធផលល្អក្នុងការប្រឡងនាពេលខាងមុខនេះ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ម្សិលមុិញនេះ លោក បណ្ឌិត សភាចារ្យបានឱ្យស្នើដល់ឪពុកម្តាយ អ្នកអាណាព្យាបាលជួយគាំទ្រជំរុញកូនៗឱ្យរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងថ្លែងអំណរគុណដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសហការគ្នាបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំដំណើរការប្រឡងតាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ និងស្នើឱ្យបន្តប្រឹងប្រែងបន្ថែមទៀតដើម្បីឈានទៅសម្រេចបេសកកម្មរួមរបស់យើងដោយជោគជ័យ ឆ្ពោះទៅលើកម្ពស់វិស័យអប់រំ និងមូលធនមនុស្សនៅកម្ពុជា។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ដើម្បីរក្សាឱ្យបាននៅសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ អ្នកចេះគឺជាប់។
លោកសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវ គោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជន នឹងត្រូវបានកំណត់ឱ្យធ្លាក់ ជាស្វ័យ ប្រវត្តិ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ »។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ដីពី ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានឱ្យដឹងថា ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃ នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤។
ប្រភពដដែលបានបន្ដថា ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័ន ចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧០៨០នាក់(ស្រីចំនួន៧៤៨៨២នាក់ ) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន៣៩៣៥៨នាក់ និងថ្នាក់សង្គមចំនួន៩៧៦៨២នាក់៕
ដោយ ៖ សិលា