ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈមិត្តអ្នកអាន ៖ តើហេតុអ្វីបានជាក្រុមប្រឆាំង នៅតែប្រើប្រាស់ព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គម?

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពេលគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតជាប់ៗគ្នាដឹកនាំប្រទេសជាច្រើនអាណត្តិមក ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចជាតិ កាន់តែមានភាពនឹងនរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាទាំងនេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋមានឱកាសអាចរកស៊ីទទួលទានប្រកបដោយប្រក្រតីភាពនៅទូទាំងប្រទេស។ ទោះបីជាបែបនេះក្តីក៏ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចរត់ទៅជ្រកនៅក្រៅប្រទេសទាំងនោះ មិនបានបញ្ឈប់នូវមហិច្ឆិតាអំណាចរបស់ខ្លួនឡើយ ហើយបានបន្តប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមដើម្បីផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់។ តើហេតុអ្វីបានជាក្រុមប្រឆាំងនៅតែប្រើប្រាស់ព័ត៌មានក្លែងក្លាយ? តើឧបាយកលទុច្ចរឹតរបស់ក្រុមប្រឆាំងទទួលលទ្ធផលបែបណា? តើប្រជាពលរដ្ឋមានអារម្មណ៍បែបណា? យើងអាចបកស្រាយនូវចំណោទទាំងនេះដូចខាងក្រោម៖

១/ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលជាបន្តទៀត ក្រុមប្រឆាំងជ្រុលនិយម បានប្រើគ្រប់ឧបាយកលទុច្ចរឹតជាច្រើនដើម្បីដណ្តើមអំណាច ដោយមិនអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ។ ខុសប្លែកពេលដែលពួកក្រុមជ្រុលនិយមចាញ់ការបោះឆ្នោតហើយមានវត្តមាននៅក្នុងប្រទេស ដែលពួកគេមិនព្រមទទួលយកការចាញ់របស់ខ្លួន តែបែរជាប្រើល្បិចញុះញង់ប្រជាពលរដ្ឋឱ្យធ្វើការប្រមូលផ្តុំបង្កើតជាបាតុកម្មតវ៉ា ប៉ុន្តែពេលនេះ ពួកគេ បានប្រើបណ្តាញសង្គមញុះញង់ឱ្យមានផ្ទុះការប្រមូលផ្តុំតវ៉ាតាមការបញ្ជារបស់ពួកគេពីចម្ងាយវិញម្តង ប៉ុន្តែ ទង្វើញុះញង់នោះត្រូវបានបរាជ័យទាំងស្រុង។ ជាក់ស្តែងព្រឹត្តិការណ៍ប្រមូលផ្តុំបាតុកម្មតវ៉ាថ្ងៃ១៨ សីហា ឆ្នាំ២០២៤ ត្រូវបានរាជរដ្ឋាភិបាល ចាត់វិធានការណ៍បានទាន់ពេលវេលា ហើយក្រុមសកម្មជនដែលបានធ្វើសកម្មភាពមួយចំនួន ត្រូវបានចាត់វិធានការណ៍ច្បាប់ជាបន្តបន្ទាប់។ ដើម្បីចិញ្ចឹមនយោបាយប្រឆាំងរបស់ខ្លួន ពួកគេបានចាប់យកប្រធានបទរឿងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងដែលសុទ្ធតែជាព័ត៌មានក្លែងក្លាយទាំងស្រុង ដើម្បីបញ្ឆេះកំហឹងជាតិនិយមជ្រុល បង្កើតនូវនយោបាយរើសអើងជាតិសាសន៍ និងទឹកដីដែលពួកគេដឹងថាវាជាបញ្ហារស៊ើបដោយសារតែប្រជាជនយើងធ្លាប់មានស្នាមដានប្រវត្តិសាស្ត្រជូរចត់ជាមួយប្រទេសជិតខាង។ ប៉ុន្តែ ទោះបីជាបែបនេះក្តី ក៏រាជរដ្ឋាភិបាល នៅតែជំនះបាននូវការបំពុលព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំង ដោយបានធ្វើការបកស្រាយពន្យល់ និងបង្ហាញភស្តុតាងជាក់ស្តែងដល់ប្រជាជនឱ្យមានភាពនឹងនរក្នុងចិត្ត និងមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ឈប់ចាញ់បោកព័ត៌មានក្លែងក្លាយទាំងនោះ។ តាមរយៈការអំពាវនាវស្វែងរកមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់សម្តេចធិបតី និងការផ្តល់ឱកាសឱ្យប្រជាជនបានទៅធ្វើទស្សនកិច្ចស្វែងយល់ពីការពិតនៅតាមព្រំដែនបានធ្វើឱ្យប្រជាជនអស់បារម្ភពីការបាត់បង់ទឹកដីនៅតាមខេត្តនានាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសជិតខាង បងប្អូនដែលបានទៅធ្វើទស្សនកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែនសុទ្ធតែបានឃើញទិដ្ឋភាពជាក់ស្តែងនៃទឹកដីកម្ពុជា គឺជាសាក្សីរស់ដែលបានអះអាងថាទឹកដីកម្ពុជាពិតជាគ្មានការបាត់បង់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះឡើយ។

២/ ការបាត់បង់អស់នូវការគាំទ្រពីកម្លាំងប្រជាជននៅមូលដ្ឋាន បានធ្វើឱ្យពួកប្រឆាំងបាត់បង់អស់នូវមូលដ្ឋានឈរជើងនៅក្នុងស្រុកដើម្បីធ្វើសកម្មភាព ទើបក្រុមប្រឆាំងជ្រុលនិយមដែលមានជនក្បត់ជាតិ៣ជំនាន់ជាមេក្លោង បានងាកមកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក យូធូប តិកតុក ជាដើម ដើម្បីបង្កើតនូវព័ត៌មានក្លែងក្លាយ ប្រឌិត បំផ្លើស បំភ្លៃការពិតជាប្រចាំវិញម្តង។ ប៉ុន្តែពួកគេភ្លេចគិតថាការនិយាយភូតកុហក់កាន់តែច្រើន និងផ្សាយព័ត៌មានក្លែងក្លាយកាន់តែច្រើននឹងធ្វើឱ្យពួកគេកាន់តែបាត់អស់នូវតម្លៃ និងការគាំទ្រពីប្រជាជន។ ដោយសារតែហេតុផលនេះហើយបានជាមួយរយៈចុងក្រោយនេះគេឃើញមានសន្ទុះនៃការចាកចេញរបស់សកម្មជនប្រឆាំងនៅតាមមូលដ្ឋានដូចទឹកបាក់ទំនប់មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។

៣/ ក្រុមប្រឆាំងគ្មានគុណសម្បត្តិអ្វីដើម្បីឆក់យកបេះដូងរបស់ប្រជាជនឱ្យមានការគាំទ្រតទៅទៀតឡើយ ដោយសារតែការធ្វើនយោបាយរយៈពេលជាង៣០ឆ្នាំកន្លងមកនេះមិនបានឈ្នះការបោះឆ្នោតម្តងណាឡើយស្គាល់តែការបរាជ័យ និងគ្មានស្នាដៃបានចូលរួមកសាង និងអភិវឌ្ឍប្រទេសសូម្បីតែតិចតួច។ មិនតែប៉ុណ្ណោះសកម្មជនដែលធ្លាប់បម្រើនយោបាយឱ្យពួកក្រុមប្រឆាំងតែងទទួលរងនូវវិធានការណ៍ច្បាប់ និងត្រូវជាប់គុគច្រវាក់បាត់បង់អស់នូវអនាគត ចំណែកឯពួកមេក្លោងដែលញុះញង់រួចខ្លួនពីសំណាញ់ច្បាប់ និងអាចរស់នៅឯក្រៅប្រទេសមានជីវភាពយ៉ាងហឺហារថែមទៀត។ជារួម ទោះបីជាក្រុមប្រឆាំងជ្រុលនិយមដែលមានជនក្បត់ជាតិ៣ជំនាន់ជាមេក្លោង បានប្រើប្រាស់គ្រប់ឧបាយកលខ្មៅកង្វក់ ទុច្ចរឹតយ៉ាងណា ក៏ពួកគេមិនអាចសម្រេចនូវមហិច្ឆតាអំណាចចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញបានដែរ។ ប្រជាជនកម្ពុជាភាគច្រើនលើសលុប បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមិនចាញ់ឧបាយកលបោកប្រាស់តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅតាមបណ្តាញសង្គមនោះទេ។ ជាក់ស្តែងប្រជាជន បាន និងកំពុងបន្តចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈក្នុងការការពារឱ្យបាននូវសុខសន្តិភាពដែលប្រទេសយើងរកបានដោយកម្រនាពេលបច្ចប្បន្ននេះនិងពួតដៃគ្នាកសាងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាលឈានទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខជាក់ជាមិនខាន៕

ដោយ៖ ឌី វីរៈ


ចែករំលែក៖