ព័ត៌មានទាន់ហេតុការណ៍៖

លោក វង សូត និងភរិយា អញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតកាទាំង៧សន្តាន នៅឃុំជាច ស្រុកកំចាយមារ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាពុទ្ធបរិស័ទនៅទូទាំងប្រទេសដែលគោរពប្រតិបត្តិទំនៀមទម្លាប់ប្រកាន់ខ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាននៅគ្រប់រដូវកាល នៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកស្រី ហេង ពៅ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បួងឃ្មុំ និងលោកស្រីស៊ឹម សុផល ព្រមទាំងបុត្រ និងលោកស្រី ហេង សំអាន ព្រមទាំងបុត្រ បានអញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធជីដូន ជីតា មាតា បិតា ញាតកាទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុគតិភព នាចេតិយ ស្ថិតក្នុងបរិវេណគេហដ្ឋាននៃស្រុកកំណើតលោក វង សូត ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ 

ពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធជីដូន ជីតា មាតា បិតា ញាតកាទាំង៧សន្តាន បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក វង សូត និងលោកស្រី ហេង ពៅ ព្រមទាំងបុត្រនិងចៅ បានវេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃ ដារបង្សុកូលដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះ លោកតា ឧបាសក វង ស៊ឹម ឧបាសិកា ទុយ សាន និងញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុគតិភពជារៀងរហូត។   

 ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានាក្នុងទីអារាមវត្តជាច និងវត្តថ្កូវ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកស្រី ហេង ពៅ ព្រមទាំងបុត្រ និងចៅ បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តជាច ចំនួន ២លានរៀល និងវត្តថ្កូវ ២លានរៀល ទុកសម្រាប់កសាងសមិទ្ធផលដែលបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យបានកាន់តែរីកចម្រើនរុងរឿងជារៀងរហូត។ ជាមួយគ្នានេះលោកវង សូតនិងលោកស្រីបានប្រគេនបច្ច័យសម្រាប់ព្រះសង្ឃ៧អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ១០ម៉ឺនរៀល។ ដោយឡែក សម្រាប់យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋចំនួន៣៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល និងបានរៀបចំអាហារសាមគ្គី១ពេល នឹងប្រគេនទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដល់វត្តជាច និងវត្តថ្កូវ រួមមាន អង្ករ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោខាប់ ស្ករស តែ ត្រីខ មីម៉ាម៉ា និងប៊ីចេង ៕

ដោយ ៖ សិលា


ចែករំលែក៖