ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១០ម្នាក់បានចុះទៅងូតទឹកព្រែកលេងជាមួយមិត្ដភក្ដិ ខណៈមិនប្រយ័ត្នដើរទៅកន្លែងជ្រៅ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអណោចអធ័មបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចគ្របបាយក្នុងព្រែកចាម ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ។
នគរបាលស្រុកកោះធំបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ជឿន ចាន្នី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុកុមារារងគ្រោះនិងមិត្ដិភក្ដិ៣ទៅ៤នាក់ទៀត បានឡើងជិះគោយន្ដដឹកពោតពីភូមិឆ្ពោះទៅចុងព្រែក ។ ពេលទៅដល់ចំណុចកើតហេតុក្មេងប្រុសរងគ្រោះនិងមិត្ដភក្ដិបាននាំគ្នាលោតចុះពីលើគោយន្ដហើយបន្ដលោតចូលទៅក្នុងទឹកព្រែក គ្រាដែលកំពុងងូតទឹកព្រែកលេងយ៉ាងសប្បាយក្មេងប្រុសរងគ្រោះបានហែលទៅកន្លែងជ្រៅ បណ្ដាលឲ្យលង់លិចចូលទៅក្នុងទឹកបាត់ទៅ ។
ប្រភពដដែលបន្ដថា បន្ទាប់ពីឃើញដូច្នេះមិត្ដភក្ដិកុមាររងគ្រោះបានរត់ទៅប្រាប់ឈ្មោះ យ៉ាន់ វៀន ដែលកំពុងកាច់ពោតនៅក្នុងចំការក្បែរនោះឲ្យជួយស្រង់កុមាររងគ្រោះឡើងមកលើគោក ។ បន្ទាប់ពីស្រង់បានមកលើគោកហើយនោះឈ្មោះ យ៉ាន់ វឿន បានប្រញ៉ាប់ប្រញ៉ាល់បញ្ជូនក្មេងប្រុសរងគ្រោះទៅមន្ទីរពេទ្យប្រតិបត្ដិស្រុកកោះធំ ដើម្បីសង្រ្គោះជីវិត ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យកុមាររងគ្រោះបានដាច់ខ្យល់ស្លាប់តែម្ដង ។ បច្ចុប្បន្នសាកសពកុមារារងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ