ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀន គឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៤ នៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា សាកលវិទ្យាល័យបូណាម៉ារី សាលារៀនម៉ារិវែលអន្តរជាតិភ្នំពេញ ក្រោមប្រធានបទ«ការអភិវឌ្ឍគ្រូបង្រៀន គឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» និងមានការចូលរួមពីសំណាក់ លោកបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គណៈគ្រប់គ្រង នាយកប្រតិបត្តិនៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ អតីតសាស្ត្រាចារ្យ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស។

មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានប្រារព្ធទិវាគ្រូបង្រៀននេះឡើង ដើម្បីរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស និស្សិត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការការពារ ការកសាង និងការអភិវឌ្ឍជាតិមាតុភូមិលើគ្រប់វិស័យ។ បន្ថែមពីនេះ លោកជំទាវ រដ្ឋលេខាធិការប្រចប្រចាំការ បានគូសបញ្ជាក់ឡើងវិញថា ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំអនុវត្តបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការងារលើកកម្ពស់គុណវុឌ្ឍិ គុណតម្លៃ និងជីវភាពរបស់គ្រូបង្រៀននាពេលកន្លងមក ជាពិសេស ការដាក់ចេញនូវកំណែទម្រង់សាលាគរុកោសល្យ ដែលជាកំណែទម្រង់អាទិភាពគន្លឹះមួយ ដើរស្របគ្នាជាមួយនឹងកំណែទម្រង់សាលារៀន ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត ព្រមទាំងបានកំណត់យក «កំណែទម្រង់សាលាគរុកោសល្យ ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ជាប្រធានបទនៃការប្រារព្ធទិវាគ្រូបង្រៀននៅក្នុងឆ្នាំនេះផងដែរ។

ឆ្នាំនេះ ទិវាគ្រូបង្រៀននៅថ្នាក់ជាតិ បានកំណត់យកប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀន គឺអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” គឺដើម្បីបង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួម និងកសាងមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តកម្មឧស្សាហកម្ម៤.០ និងបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ការអភិវឌ្ឍមូលធនមនុស្សដែលមានសមត្ថភាព ជំនាញ និងភាពឆ្លើយតបទៅនឹងតម្រូវការនៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា គឺជាភាពចាំបាច់ដែលមិនអាចរំលងបាន និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្តកិច្ចការកំណែទម្រង់អប់រំជាច្រើន ដោយផ្តើមចេញពីកំណែទម្រង់ថ្នាក់ជាតិ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព។

សារជាថ្មីម្តងទៀត លោកស្រី រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាភិបាលសាលារៀន គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ច ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងបានចូលរួមអបអរសាទរដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ចំពោះការទទួលបានមេដាយ និងលិខិតសរសើរឆ្នើមក្នុងឱកាសនេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖