ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣នៃរដ្ឋមន្ត្រីការបរទេសចិន រុស្ស៊ី ប៉ាគីស្ថាន និងអ៊ីរ៉ង់ស្តីពីបញ្ហាអាហ្វហ្កានីស្ថាន

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី២៧ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានរួមជាមួយលោកLavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Asif រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន និងលោកAraghchiរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ធ្វើកិច្ចប្រជុំលើកទី៣នៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបួនស្តីពីបញ្ហាអាហ្វហ្កានីស្ថាន ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

លោក Wang Yi បានថ្លែងថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ស្ថានការណ៍ទូទៅក្នុងប្រទេសអាហ្វហ្កានីស្ថានបាននិងកំពុងឆ្លងកាត់ដំណាក់កាលអន្តរកាលប្រកបដោយស្ថិរភាព ប្រទេសចិន រុស្ស៊ី ប៉ាគីស្ថាននិងអ៊ីរ៉ង់ បានដឹកនាំប្រទេសក្នុងតំបន់ឱ្យរួបរួមគ្នាដើម្បីឆ្លើយតបបម្រែបម្រួលនិម្មាបនកម្មនៅក្នុងប្រទេសអាហ្វហហ្កានីស្ថាន ដោយជួយអាហ្វហ្កានីស្ថានឱ្យលំនឹងសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន ពង្រីកការប្រាស្រ័យទាក់ទងជាមួយក្រៅប្រទេស និងការពារសន្តិភាព និងភាពសុខសាន្តត្រាណក្នុងតំបន់។ ប៉ុន្តែ ទោះបីជាអាហ្វហ្កានីស្ថានទទួលបានជីវិតថ្មីក៏ដោយ ក៏ការស្តារនិងអភិវឌ្ឍឡើងវិញ នៅតែមានភារកិច្ចធ្ងន់និងផ្លូវវែងឆ្ងាយដដែល ហើយសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ។

លោក Wang Yi បានលើកសំណើ៤ចំណុចអំពីនិន្នាការនៃស្ថានការណ៍នៅអាហ្វហ្កានីស្ថាន៖ ទី១ ត្រូវរួមគ្នាកសាងសន្តិសុខ; ទី២ ត្រូវអនុវត្តគោលនយោបាយចម្រុះ ទី៣ ត្រូវគាំពារភាពយុត្តិធម៌ ទី៤ ត្រូវផ្តល់ការណែនាំជាវិជ្ជមាន។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ភាគីទាំងបួនសម្គាល់ឃើញថា ប្រទេសអាហ្វហ្កានីស្ថានដែលមានស្ថិរភាព និងវិបុលភាពមួយគឺមានសារសំខាន់ណាស់ចំពោះប្រទេសជិតខាងនិងសន្តិសុខក្នុងតំបន់។ កិច្ចប្រជុំបានឯកភាពគ្នាថា នឹងប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជំរុញឱ្យរដ្ឋាភិបាអាហ្វហ្កានីស្ថានធ្វើអភិបាលកិច្ចប្រកបដោយបរិយាបន្ន ការពារសិទ្ធិមនុស្ស ធ្វើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីជំរុញឱ្យស្ថានភាពក្នុងស្រុកមានស្ថិរភាព ក្នុងន័យសម្រេចបាននូវការស្តារនិងអភិវឌ្ឍឡើងវិញក្នុងពេលឆាប់ៗ៕

ដោយ ៖ សិលា


ចែករំលែក៖