ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់វត្តអារាមចំនួន៦វត្តបានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេមេគង្គបានបន្តហក់ឡើងដល់កម្ពស់ ១៤,៣០ម៉ែត្រនាពេលកន្លងទៅនេះ ប៉ុន្ដែបានស្រកមកវិញជាបណ្ដើរៗហើយ ។
ទោះបីជាយ៉ាងនេះក្តី ប្រជាប្រជាពុទ្ធបរិស័ទបានអញ្ជើញទៅប្រគេនចង្ហាន់ព្រះសង្ឃជាធម្មតា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
បើយោង តាមលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាមបានបញ្ជាក់ថានៅ ទូទាំងខេត្តកំពង់ចាមមានវត្ត និងអាស្រមជិត៤០០ទីតាំង ហើយក្នុងនោះដែរបើគិតត្រឹមថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ វត្តដែលទទួលរងលិចទឹកទូទាំងខេត្តមានចំនួន ៦វត្ត ក្នុងនោះ ស្រុកកំពង់សៀម ចំនួន២វត្ត និងស្រុកស្ទឹងត្រង់ចំនួន ៤វត្ត។
លោកប្រធានមន្ទីរបានបន្តថា ៖ ទោះបីជាវត្តទាំងនោះទទួលរងជនលិចយ៉ាងណាក៏ដោយក៏ប្រជាពុទ្ធបរិស័ទនៅតែធ្វើដំណើរតាម ទូកជាដើម ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃបានជាធម្មតា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ញាតិការទាំង៧សណ្តានរបស់ពួកគាត់។
ដោយឡែកបើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និង ឧតុនិ យមខេត្តកំពង់ចាម បានបញ្ជាក់ថានៅថ្ងៃ ទី៣០ ខែកញ្ញាឆ្នាំ ២០២៤នេះទឹកទន្លេបាន បន្តស្រក ចុះថែមទៀតនៅកម្ពស់១៣,៦០ម៉ែត្រ ធៀប ថ្ងៃម្សិលមិញទឹកស្រក ០,២៨ម៉ែត្រ ។ ចំណែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៣ ទឹកទន្លេមានកម្ពស់១២,២៧ម៉ែត្រ ខណៈដែល ចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ទន្ទឹមនេះដែរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម សូមអំពាវ នាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ព្រមទាំងផ្លូវទឹកនានាក្នុងខេត្ត កំពង់ចាម សូម បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះស្ថានភាពទឹក ជំនន់ទន្លេមេគង្គ និងយក ចិត្តទុកដាក់ខ្ពស់ក្នុងការ ការពារសុវត្ថិភាព និងអប់រំកូនចៅកុំឲ្យលេងទឹក។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ក្នុងរដូវទឹកជំនន់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនាពេលកន្លងទៅថ្មីៗនេះ។
បើយោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ខ្យល់បក់មក ពីទិសនីរតីនិងបស្ចិម មានល្បឿនមធ្យម២,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៣៥%៕
ដោយ ៖ សិលា