ភ្នំពេញ ៖ ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត!
១) អ្វីទៅជារបួសគ្រាំទ្រូង-សួត៖
– គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង រហូតដល់ការប៉ះពាល់ធ្ងន់ធ្ងរនៃសរីរាង្គក្នុងទ្រូង (សួត បេះដូង សរសៃឈាមធំ ។ល។)
– ជាជំងឺដែលអាចមានការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ
– ត្រូវការសម្រាកព្យាបាលសង្គ្រោះបន្ទាន់ និងតាមដាននៅក្នុងមន្ទីរពេទ្យ ដើម្បីកាត់បន្ថយអត្រាមរណភាព។
២) មូលហេតុ៖
– គ្រោះថ្នាក់ចរាចរណ៍លើសពី ៥០%
– គ្រោះថ្នាក់ដទៃទៀត ដូចជាជម្លោះ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់តាមលំនៅដ្ឋាន តិចជាង ៤០%
– ក្នុងបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់ ក្នុងនោះភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់។
៣) ក្រុមមនុស្សដែលប្រឈមមុខ៖
– មនុស្សក្រោមអាយុ ៥០ឆ្នាំ
– បុរសមានរហូតដល់ ៧៨%
– ស្ត្រីមានត្រឹមតែ ២២% ប៉ុណ្ណោះ
– ក្នុងចំណោម អ្នករបួសទាំងនោះមាន ៦៨% ដែលមានរបួសធ្ងន់នៅកន្លែងផ្សេងទៀត ដែលបន្ថែមទម្ងន់ដល់ការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូចជា៖
• របួសប៉ះទង្គិចក្បាល ៤០% នៃករណី
• របួសប៉ះទង្គិចបាក់បែកដាច់សាច់មាន ៣១%
• របួសគ្រាំគ្រាសរីរាង្គក្នុងពោះមាន ២១%
៤) រោគសញ្ញា៖
– ឈឺចាប់ក្នុងទ្រូងត្រង់កន្លែងប៉ះទង្គិច
– ដកដង្ហើមញាប់ និងតិចៗ ដោយសារការឈឺចាប់
– ទឹកមុខស្លេកស្លាំង
– ថប់ដង្ហើម ឬហត់
រោគសញ្ញារួមផ្សំ៖
– ហើមមុខ និងទ្រូងដោយវត្ថុមានខ្យល់នៅក្រោមស្បែក
– បែកញើសជោគខ្លួន
– អ្នកជំងឺឡេះឡះ
៥) ផលវិបាក៖
– សម្ពាធឈាមចុះទាប
– កម្រិតអុកស៊ីសែនក្នុងខ្យល់ចុះទាប
– អ្នកជំងឺសន្លប់ស្តូកស្តឹង ឬដង្ហក់ខ្លាំង
៦) រោគវិនិច្ឆ័យ៖
– ការពិនិត្យគ្លីនិក
– ការថតឆ្លុះ ទ្រូង-សួត (Chest X-ray)
– ការថតឆ្លុះអេកូ ស្រោមសួត (Pleural ultrasound)
– ការថតស្កែនន័រ ទ្រូង-សួត (CT Scan of the chest)
៧) ការព្យាបាល៖
– ចោះបង្ហូរ បូមយកចេញនូវអ្វីដែលរំខានដល់ដំណកដង្ហើម
– ដាក់អុកស៊ីសែន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយូទិក
– អ្នកជំងឺត្រូវសម្រាក និងតាមដាននៅក្នុងមន្ទីរពេទ្យ
– តាមដានកម្រិតអុកស៊ីសែន ក្នុងខ្លួនអ្នកជំងឺ
៨) វិធីការពារ៖
– គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា
– កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
– គ្រប់អ្នករបួសគ្រាំគ្រាទ្រូង-សួត សូមអញ្ជើញមកពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស
– សូមចាំថារាល់បណ្តារបួសទ្រូង-សួត សុទ្ធតែអាចបង្កនូវបញ្ហាប៉ះពាល់ដល់សុខភាពអ្នកជំងឺតិចឬច្រើន ហើយករណីខ្លះអាចគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺតែម្តង។
ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានរបួសគ្រាំគ្រាទ្រូង-សួត ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រុមគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត នៃមន្ទីរពេទ្យកាល់ម៉ែតរង់ចាំស្វាគមន៍រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីនៃជំងឺទ្រូង-សួត៕
ដោយ ៖ សិលា