ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកហួត ហាក់ រដ្ឋម ន្ត្រីក្រសួងទេសចរណ៍ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ៖ នាថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នៅទីស្តីការក្រសួង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ លោកឯកអគ្គរដ្ឋទូត និងសហការី មកកាន់ទីស្តីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានកោតសរសើរ ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ទំនាក់ទំនងការទូតដែលមានរយៈពេល៦៦ឆ្នាំ ជាមិត្តភាពដែកថែប និង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយឈរលើគោលការណ៍សមធម៌ ការជឿទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា ការគោរពអធិបតេយ្យ និងឯករាជ្យភាព ដើម្បីផលប្រយោជន៍រួម។ ក្រោមក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ មានការរីកចម្រើន និងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដោយឆ្នាំ២០២៤ ជា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីលទ្ធផលនៃការចូលរួម ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ឆ្នាំ២០២៤ លើកទី១០ នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសំដែងការ អបអរសាទរចំពោះការចូលកាន់តំណែងរបស់ លោកជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតជូនលោក និងសហការី បានចូលជួបសម្តែងការ ពិភាក្សាការងារ។ លោកឯកអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋមន្ត្រី បានផ្លាស់ប្តូរកិច្ចពិភាក្សាអំពីអ្នក ប្រតិបត្តិការ និងការសហការកន្លងមកបានយ៉ាងល្អប្រសើរក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជានិងប្រទេសចិន។ ជាកិច្ចបន្ទាប់ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អរបស់ចល័ គ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាក់ទាញទេសចរអន្តរជាតិ និងការវិនិយោគ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយន្តការ លើកទឹកចិត្តជាច្រើនដល់វិស័យឯកជនជាពិសេសលើវិស័យទេសចរណ៍ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កម្ពុជានាពេលកន្លងមក។

ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះ ទេសចរ ជនជាតិចិនមានប្រមាណជាង ៥៤ម៉ឺននាក់។ នារយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជិត ៥៤ ម៉ឺននាក់ កើនឡើង ៤៧,៧%។

ជំនួបទ្វេភាគីរវាង លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កា ដែល ទទួលបានលទ្ធផលលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ដូចខាងក្រោម៖

១)- ស្ថានទូតចិន នឹងផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ នៅក្នុង ក្របខ័ណ្ឌឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន រួមមាន៖ ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន (Cambodia- China Gastronomy Week) នាថ្ងៃទី២៦-២៧ ខែតុលា នៅខេត្តសៀមរាប, វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធ សាសនា កម្ពុជា-ចិន នាថ្ងៃទី២៨-៣០ ខែតុលា នៅខេត្តសៀមរាប, ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន (Cambodia-China Travel Mart) នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ព្រឹត្តិការណ៍ The 13th China Zhengzhou International Shaolin Wushu Festival នៅប្រទេសចិន។

២)- ស្ថានទូតចិនឯកភាពជួយជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌និងទេសចរណ៍ចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការបន្ថែមទៀតលើវិស័យទេសចរណ៍។

៣) – ស្ថានទូតចិនឯកភាពសហការជួយជំរុញក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរត្រង់ រវាងបណ្តាខេត្ត និងទីក្រុងធំៗ របស់ប្រទេសចិនមកប្រទេសកម្ពុជាឱ្យមានចំនួនកាន់តែច្រើនឡើង និងទៀងទាត់ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេស និងអ្នកទេសចរផងដែរ។

៤)- ស្ថានទូតចិនឯកភាពសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយដល់ ប្រជាជនចិន ព្រមទាំងជួយទប់ស្កាត់និងលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ ដែលជះផលអវិជ្ជមានដល់ប្រទេសកម្ពុជា។

៥)- ស្ថានទូតចិនឯកភាពពង្រឹង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់ការ បណ្តុះបណ្តាលទាំងនៅក្នុងប្រទេសកម្ពុជា ឬ នៅប្រទេសចិន។

៦)- ភាគីទាំងពីរ ឯកភាពចាត់តាំងជនបង្គោល ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចពិភាក្សារវាងក្រសួង ទេសចរណ៍កម្ពុជា ស្ថានទូតចិន ព្រមទាំងផ្នែកឯកជនចិននិងកម្ពុជាក្នុងវិស័យទេសចរណ៍។

៧)- ឯកភាពសហការរៀបចំកម្មវិធីបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលគ្រោង ប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៥ ខាងមុខ ព្រមទាំងមានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រធានបទថ្មីៗសម្រាប់ឆ្នាំ បន្តបន្ទាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖