ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំលើការពិនិត្យការងារអាទិភាពក្នុងវិស័យអប់រំ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំលើការពិនិត្យការងារអាទិភាពក្នុងវិស័យអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិកលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើការកំណត់ការ ទទួលខុសត្រូវចំនួន០៣ រួមមាន៖ ១). កម្រងភារកិច្ចនៃ លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ ២). ការផ្តល់កិច្ចសហការពីអង្គភាពអនុវត្ត និង អ្នកទទួលខុសត្រូវនៃបំណែងចែកការងារអាទិភាពសម្រាប់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុង វិស័យអប់រំ និង ៣). បំណែងចែកការងារអាទិភាព សម្រាប់លេខាធិការដ្ឋានទទួលបន្ទុកសម្រប សម្រួលការងារក្នុងវិស័យអប់រំដែលបានកំណត់។

សមាជិកលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ ត្រូវរៀបចំរបាយការណ៍ វឌ្ឍនភាព នៃការងារអាទិភាព និងផ្តល់មកលេខាធិការដ្ឋាន ដើម្បីបូកសរុប ហើយរៀបចំកិច្ចប្រជុំរៀងរាល់ខែ ព្រមទាំងរៀបចំជារបាយការណ៍ជូន បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដើម្បីផ្តល់អនុសាសន៍ណែនាំបន្ថែម។ លេខាធិការដ្ឋានត្រូវរៀបចំកែសម្រួលតារាងបំណែងចែកការងារអាទិភាព សម្រាប់លេខាធិការដ្ឋាន ទទួលបន្ទុកសម្របសម្រួលការងារក្នុងវិស័យអប់រំ ដោយភ្ជាប់ជាមួយតួនាទីភារកិច្ច ហើយស្នើសុំការសម្រេចពី ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហើយផ្សព្វផ្សាយទៅគ្រប់អង្គភាព។ ការចុះវាយតម្លៃសាលា រៀនគំរូ សម្រេចលើការចុះលើកទី១ ទៅសាលារៀននីមួយៗជាមួយនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ត្រូវមានសមាសភាពចម្រុះគ្នាជាមួយនាយកដ្ឋានគាំទ្រ និងមានរបាយការណ៍វាយតម្លៃសម្រាប់សាលារៀននីមួយៗ ។ នាយកដ្ឋានគាំទ្រត្រូវពិនិត្យលើការរៀបចំឧបករណ៍វាយតម្លៃ ជាទម្រង់ច្បាស់លាស់ ដើម្បីចុះជាមួយ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ។ លេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន ត្រូវរៀបចំជា Dashboard ដើម្បីកំណត់ការតាមដានឱ្យ បានច្បាស់លាស់ ដោយភ្ជាប់ជាមួយ School Profile, របាយការណ៍អធិការកិច្ច, តម្រូវការគាំទ្រពី អង្គភាពគាំទ្រជាដើម។

ដើម្បីជំរុញប្រសិទ្ធភាពការងារ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដូចជា៖ ស្នើឱ្យក្រុមការងារទទួលបន្ទុកផ្ទាល់ បន្ថែមការយកចិត្តទុកដាក់ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ និងត្រូវមានប្រព័ន្ធរបាយការណ៍វឌ្ឍនភាពការងាឱ្យទៀងទាត់។ ដើម្បីងាយស្រួលក្នុងការសម្របសម្រួលការងារ មានចំណុចសំខាន់ ៤ ត្រូវផ្តោត ៖ ១) ការវាយតម្លៃការងារ ដោយផ្អែកលើសូចនាករដែលត្រូវបានអនុម័ត និងការធ្វើតេស្តិ៍ស្តង់ដា PISA , ផែនការសកម្មភាពដើម្បីកែលម្អ និងយុទ្ធសាស្ត្របង្រៀនបំប៉នសិស្ស ២). ត្រូវមានអ្នក ទទួលខុសត្រូវជាក់លាក់ មានផែនការសកម្មភាពច្បាស់ លាស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ជាពិសេសគឺ ការ អនុវត្តអំណានដំបូង គណិតដំបូង  និងកំណែទម្រង់គ្រូបង្រៀន ៣). ត្រូវពិនិត្យឡើងវិញយន្តការគាំទ្រ៖ នាយកជួយនាយក គ្រូជួយគ្រូ មានគ្រូឧទ្ទេសជួយតាមមុខវិជ្ជា, សូមយកគម្រោង GEIP ជាគំរូ , ច្បាស់ពីស្ថានភាពគ្រូលើសខ្វះតាមគ្រឹះស្ថានសិក្សា ត្រូវមានទិន្នន័យសាលាតាមខេត្តចូលដល់ស្រុក ហើយសាលា រៀនទាំងអស់ ត្រូវមានអេបដើម្បីគ្រប់គ្រងការងារអប់រំ និងត្រូវមានប្រព័ន្ធរបាយការណ៍ ៤). សូមពង្រឹងការប្រើប្រាស់ទិន្នន័យ និងត្រូវមានអ្នកពិនិត្យមើលបញ្ហាតាមបណ្ដាញសង្គម ត្រូវមើលព័ត៌មានអប់រំ កំណត់បញ្ហា ដើម្បីឆ្លើយតបទាន់ពេលវេលា និងចំគោលដៅ។

គួរបញ្ជាក់ដែរថា លេខាធិការដ្ឋានទទួលបន្ទុកសម្រប សម្រួលការងារក្នុងវិស័យអប់រំ ត្រូវបានបង្តើតឡើងក្នុងគោលបំណងផ្តល់ការទទួលភារកិច្ច និងការទទួល ខុសត្រូវជំរុញ តាមដាន និងពង្រឹងការងារអង្គភាពក្នុង វិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាដើម្បីធ្វើការបណ្តុះបណ្ដាលដល់មន្ត្រីជាន់ខ្ពស់នូវការងារគ្រប់គ្រងការងារអប់រំ ដើម្បីអាចដឹងរឿងគ្រប់ជ្រុងជ្រោយ និងអាចដោះស្រាយបញ្ហាមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលេវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖