ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ « លោកXi Jinping ៖អភិបាលកិច្ចប្រទេសចិន»ឆ្លើយសំណួរក្នុងយុគសម័យតាមរយៈអភិបាលកិច្ចរបស់ប្រទេសចិន

ចែករំលែក៖

 អន្តរជាតិ ៖ ឆ្នាំនេះជាខួបទី១០ឆ្នាំនៃការបោះពុម្ពផ្សាយនិងដាក់លក់សៀវភៅ « លោកXi Jinping៖អភិបាលកិច្ចប្រទេសចិន» ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ សៀវភៅនេះមានភាពពេញនិយមនៅទូទាំងពិភពលោក ។ មនុស្សខ្លះបានចាត់ទុកសៀវភៅនេះជា “កូនសោមាស”សម្រាប់ឈ្វេងយល់ពីកំណែទម្រង់និងការអភិវឌ្ឍរបស់ប្រទេសចិន ហើយមនុស្សខ្លះទៀតបានចាត់ទុកសៀវភៅនេះជា “រតនាគារគំនិត”សម្រាប់ដោះស្រាយបញ្ហាពិបាកក្នុងការអភិវឌ្ឍសកល ។ គិតរហូតដល់បច្ចុប្បន្ននេះ សៀវភៅ« លោកXi Jinping ៖អភិបាលកិច្ចប្រទេសចិន»ត្រូវបានបកប្រែនិងបោះពុម្ពផ្សាយជា៤១ភាសា ហើយបានដាក់លក់នៅប្រទេសនិងតំបន់ចំនួន១៨០នៅលើពិភពលោក ដែលទទួលបានការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងក្លានៅបរទេស។ នេជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ 

  គេហទំព័រ «CCFR China state-controlled media » ថា ៖ សៀវភៅនេះបានឆ្លុះបញ្ចាំងជាប្រព័ន្ធដោយគ្រប់ជ្រុងជ្រោយនូវចក្ខុវិស័យថ្មីនិងការអភិវឌ្ឍថ្មីរបស់គំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិនក្នុងយុគសម័យថ្មីរបស់លោកXi Jinping ។ ការអនុវត្តជាក់ស្តែងនៃអភិបាលកិច្ចប្រទេសចិន ដែលតម្កល់ទុកប្រជាជនជាចម្បង បានបង្ហាញពីការស្វែងរកខាងគុណតម្លៃ ពោលគឺប្រជាជនគឺជាគ្រឹះមូលដ្ឋានរបស់ប្រទេសជាតិ បើគ្រឹះមូលដ្ឋានមានភាពរឹងមាំ នោះប្រទេសជាតិនឹងមានភាពសុខសាន្តត្រាណ។ កម្លាំងច្នៃប្រឌិតថ្មីដែលមិនចេះអស់ដែលកើតមកពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃស្មារតីត្រួសត្រាយ ពោលគឺ មានតែច្នៃប្រឌិតថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ទើបអ្វីៗអាចវិវឌ្ឍរីកចម្រើនទៅមុខ ។ កម្លាំងតស៊ូរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ បានបង្ហាញឱ្យឃើញនូវចរិតរបស់ប្រជាជាតិចិន ពោលគឺមានជំនឿចិត្តលើខ្លួនឯង មានភាពឧស្សាហ៍ព្យាយាមនិងអង់អាចក្លាហាន ។ សាមគ្គីភាពគឺជាកម្លាំង ជំនឿចិត្តលើខ្លួនឯងមានតម្លៃថ្លៃជាងមាស ។ សៀវភៅនេះមិនត្រឹមតែសរសេរឱ្យប្រជាជនចិនប៉ុណ្ណោះទេ ហើយក៏អាចជួយសហគមន៍អន្តរជាតិយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅពីមាគ៌ារបស់ចិននិងអភិបាលកិច្ចរបស់ចិនផងដែរ ។ មន្ត្រីរដ្ឋាភិបាលនិងបញ្ញវន្តនៃប្រទេសជាច្រើនបានដាក់លើតុ ដើម្បីស្វែងរកលេខសម្ងាត់របស់ “អភិបាលកិច្ចរបស់ចិន ” ។

         គេហទំព័រ «CCFR China state-controlled media » កាលពីឆ្នាំ២០១៧ សៀវភៅ« លោកXi Jinping ៖អភិបាលកិច្ចប្រទេសចិន»ជាខេមរភាសាត្រូវបានបោះពុម្ពផ្សាយនិងដាក់លក់នៅក្រុងភ្នំពេញ។  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅនេះ ព្រមទាំងបានថ្លែងសុន្ទរកថា ដោយយល់ឃើញថា សៀវភៅនេះនឹងបង្ហាញឱ្យប្រជាជាតិខ្មែរយល់កាន់តែច្បាស់ពីគោលគំនិតដ៏សំខាន់របស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចប្រទេសចិន សង្ឃឹមថាមន្ត្រីរាជការ បញ្ញវន្ត និងសិស្សនិស្សិតសិក្សាស្រាវជ្រាវសៀវភៅនេះដោយយកចិត្តទុកដាក់ និងក្រេបយកបទពិសោធន៍។ សម្តេច  ហ៊ុន សែន លើកទឹកចិត្តឱ្យប្រជាជនខ្មែរយកសៀវភៅនេះទៅឤន ហើយខិតខំចម្រាញ់យកនូវទស្សនៈល្អៗជាធាតុផ្សំ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ស្របទៅនឹងស្ថានភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។លោកជំទាវ ខ្លូត ធីតា អតីតប្រធាននៃរាជបណ្ឌិតសភាកម្ពុជាសម្គាល់ឃើញថា សៀវភៅ « លោកXi Jinping ៖អភិបាលកិច្ចប្រទេសចិន»មិនត្រឹមតែបានប្រមូលផ្តុំនូវទស្សនៈដ៏សំខាន់ស្តីពីអភិបាលកិច្ចរបស់លោកXi Jinping ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយឆ្ពោះទៅអនាគតរបស់អ្នកដឹកនាំនៃប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ។

         អនាគតដ៏ភ្លឺស្វាងនៃការធ្វើទំនើបកម្មតាមបែបផែនចិន ក៏បានទាក់ទាញក្រសែចក្ខុរបស់ប្រទេសអាហ្វ្រិកទាំងឡាយផងដែរ ។ លោក Cavince Adhere បញ្ញវន្តស្រាវជ្រាវបញ្ហាអន្តរជាតិនៃប្រទេសកេនយ៉ាសម្គាល់ឃើញថា សៀវភៅ « លោកXi Jinping ៖អភិបាលកិច្ចប្រទេសចិន»ហាក់ដូចជាបានផ្តល់បង្អួចដ៏មានតម្លៃមួយសម្រាប់ឱ្យប្រទេសផ្សេងទៀតនៅលើពិភពលោកឈ្វេងយល់និងយល់ដឹងពីតួនាទីរបស់ចិនក្នុងការអភិវឌ្ឍ និងការធ្វើបរិវត្តកម្មសកល ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះបូករួមទាំងប្រទេសអាហ្វ្រិកផងដែរ អាចរៀនសូត្រពីប្រទេសចិនថា តើធ្វើយ៉ាងម៉េចអាចជំរុញបរិយាបន្ន សច្ចភាព យុត្តិធម៌និងការអភិវឌ្ឍប្រកបដោយចក្ខុវិស័យសកល ។ លោក Diaa Helmy អគ្គលេខាធិការនៃសភាពាណិជ្ជកម្មចិននៅអេហ្ស៊ីបបានថ្លែងថា សៀវភៅ « លោកXi Jinping ៖អភិបាលកិច្ចប្រទេសចិន»បានផ្តល់បទពិសោធដ៏សម្បូរបែបនិងចំណេះដឹងប្រកបដោយវិជ្ជាជីវៈដល់អភិបាលកិច្ចរបស់ប្រទេសផ្សេងទៀត មិនថាប្រទេសកំពុងអភិវឌ្ឍន៍ឬក៏ប្រទេសអភិវឌ្ឍន៍ សុទ្ធតែអាចទទួលបានផលប្រយោជន៍ពីបទពិសោធទាំងនេះ ដែលអាចជួយដោះស្រាយបញ្ហាប្រឈមរបស់ខ្លួនបាន ។

បច្ចុប្បន្ននេះ ការរៀនសូត្របទពិសោធនៃកំណែទម្រង់របស់ចិន ដើម្បីស្វែងរកផ្លូវអភិវឌ្ឍរបស់ប្រទេសខ្លួន បានក្លាយជាមតិឯកភាពរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយរួចហើយ។ ការជិះរថភ្លើងល្បឿនលឿន ទទួលអារម្មណ៍ពីកម្លាំងចលករយ៉ាងខ្លាំងក្លានៃការអភិវឌ្ឍទំនើបកម្មតាមបែបផែនចិន ទស្សនាសហគ្រាសបច្ចេកវិទ្យានៃក្រុងសិនចិននិងក្រុងក្វាងចូវជាដើម ដើម្បីស្វែងរកឱកាសសហប្រតិបតិ្តការជាមួយប្រទេសចិន បានក្លាយជាកម្មវិធីមិនអាចខ្វះបានក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់ប្រមុខរដ្ឋនិងអ្នកនយោបាយសំខាន់ៗរបស់ប្រទេសជាច្រើនរួចទៅហើយ ។

         ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ បានឈានចូលដំណើរប្រវត្តិសាស្ត្រដែលមិនអាចដើរបញ្ច្រាសបាន ក្នុងដំណើរថ្មី ប្រទេសចិននឹងប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍដោយសន្តិភាព ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវយុទ្ធសាស្ត្របើកចំហដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គាំពារសមភាពនិងយុត្តិធម៌អន្តរជាតិ អនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ពួតដៃគ្នាជាមួយប្រជាជននៃបណ្តាប្រទេសនានា ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកលគ្រប់បែបយ៉ាង ក៏ដូចជារួមគ្នាកសាងអនាគតដ៏ល្អបវររបស់មនុស្សជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖